អ៊ុយក្រែន អាចជារុស្ស៊ី នៅថ្ងៃណាមួយ

បរទេស ៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក បាននិយាយថា អ៊ុយក្រែន «អាចជារុស្ស៊ី នៅថ្ងៃណាមួយ» ជាការលើកឡើង នៅក្នុងបទសម្ភាសន៍ ជាមួយ Fox News។

ថ្លែងពីជម្លោះ រយៈពេលបីឆ្នាំ រវាងទីក្រុងម៉ូស្គូ និងអ៊ុយក្រែន ក្នុងបទសម្ភាសន៍របស់ Fox News ដែលចាក់ផ្សាយ កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីអាមេរិក Donald Trump ស្រាប់តែ លេចចេញគំនិត ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលថា អ៊ុយក្រែនអាចជារុស្ស៊ី នៅថ្ងៃណាមួយ។

លោក Trump បានលើកឡើងទៀតថា «អ៊ុយក្រែនអាចនឹងធ្វើកិច្ចព្រមព្រៀងមួយ ពួកគេអាចជារុស្ស៊ី នៅថ្ងៃណាមួយ»។ តែ លោក ក៏បង្ហើបពាក្យសម្តីបន្ថែមថា រឿងនេះ ក៏មិនប្រាកដថា កើតឡើងទៅរួចដែរ។

ពាក្យសម្តី របស់លោក Trump បែបនេះ ត្រូវបានស្វាគមន៍យ៉ាងរហ័ស ពីសំណាក់ទីក្រុងម៉ូស្គូ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «ការពិតដែលថា ផ្នែកសំខាន់មួយនៃអ៊ុយក្រែន ចង់ក្លាយជារុស្ស៊ី ហើយមានរួចហើយ គឺជាការពិត» ដោយសំដៅទៅ លើការបោះឆ្នោតប្រជាមតិ បញ្ជូលអ៊ុយក្រែន ជារបស់រុស្ស៊ី កាលពីឆ្នាំ២០២២ តែ ទទួលបានរិះគន់យ៉ាងទូលំទូលាយ ពីសំណាក់អន្តរជាតិ ដែលអះអាងថា ជាការក្លែងបន្លំ។

យ៉ាងណាមិញ ប្រជាជនអ៊ុយក្រែនបានប្រតិកម្ម ជាមួយនឹងអ្វីដែលពួកគេគិតថា ជាការមើលងាយ តាមរយៈការលើកឡើង របស់លោក Trump ។ លោក Daniil អ្នកស្រុក ក្រុង Kyiv បានប្រាប់ AFP ថា ជាពាក្យសម្តីវង្វេងវង្វាន់ ខ្លាំងបំផុត។ ទាហានអ៊ុយក្រែនម្នាក់ នៅតាមផ្លូវមួយ កណ្តាលក្រុងគៀវ ដែលបានត្រឹមតែដាក់ឈ្មោះថា Mykola បាននិយាយ អំពីលោក Trump ថា «គាត់អាចគិតអ្វី និយាយអ្វីក៏បាន ប៉ុន្តែ អ៊ុយក្រែននឹងមិនក្លាយ ជារុស្ស៊ីឡើយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner