រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យ​កោង​កាង​ក្នុងខេត្តកោះកុង នៅចុងខែកុម្ភៈ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ដើម្បីការពង្រីកវិសាលភាពបៃតង​ឈានឆ្ពោះទៅជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បាន​ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង នៅខេត្ត​កោះកុង នៅចុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការផ្តួច​ផ្តើម​ឱ្យមានការរៀបចំពិធីបុណ្យកោងកាងនេះឡើង គឺជាផ្នែក​មួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្រោមការចង្អុលបង្ហាញពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគោលបំណងថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង ។

នេះជាការលើកឡើងរបស់ អ៊ាង សុផល្លែត ក្នុងជំនួបពិភាក្សា​ការងារ និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងាររៀបចំ ដែលដឹកនាំដោយ លោក ម៉េង ហេង ប្រធានអង្គការមេត្តា​ធម្មជាតិ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

ប្រធានអង្គការមេត្តាធម្មជាតិ និងក្រុមការងារ បានប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការរួមចំណែកជាមួយយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន នឹងបន្តការដាំដុះកូនកោងកាងជា​មួយប្រជាសហគមន៍ក្នុងដែនសមុទ្រឱ្យបានកាន់តែច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញ គឺការបណ្តុះកូនឈើ ចែកកូនឈើ និងដាំកូនឈើច្រើនជាង ១លានដើមក្នុង ១ឆ្នាំ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន​ផ្តល់​ការគាំទ្រយ៉ាងពេញទំហឹងលើសកម្មភាពទាំងនេះ ជាពិ​សេសដំបូងត្រូវអប់រំ និងពន្យល់ណែនាំ​ដល់ប្រជាសហគមន៍​ទាំងអស់ ឱ្យយល់អំពីសារៈសំខាន់នៃការរួមចំណែកក្នុង​យុទ្ធនាការពន្លកបៃតង តាមរយៈការចូលរួមក្នុងការអភិរក្ស​ធនធានធម្មជាតិ និងដាំដុះកូនកោងកាងដ៏មានតម្លៃនេះ ហើយនឹងផ្តល់ឱ្យពួកគាត់នូវភាពជាម្ចាស់ ក្លាយជាសហគ្រិន​ភាព អាចបន្តគ្រប់គ្រងសហគមន៍ដោយនិរន្តភាព និងជាប្រយោជន៍សម្រាប់មនុស្សជាតិ និងអ្នកជំនាន់ក្រោយរបស់កម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារ អង្គការមេត្តា​ធម្មជាតិ ឱ្យការដំណើរការប្រព្រឹត្តពិធីបុណ្យកោងកាងនេះ ទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កា។

សូមជម្រាបជូនថា ព្រៃកោងកាង គឺជាជម្រកដ៏សំខា​ន់សម្រាប់​ជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខែលការពារធម្មជាតិដ៏រឹងមាំ ពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាស​ធាតុ​ផង​ដែរ ។ កោងកាងទាំងនោះ​ ក៏ជាចំណែកមួយក្នុងការផ្តល់ជ​ម្រក​ដល់សត្វមានជីវិតនៅក្នុងទឹកដូចជា ត្រី ក្តាម និងបង្គារ​ជាដើម ដែលធនធានទាំងនោះនឹងក្លាយជាចំណែក​នៃប្រាក់​ចំណូលរបស់ប្រជាសហគមន៍ក្នុងដែនសមុទ្រ។ ការដាំស្តារព្រៃ​កោងកាងឡើងវិញ គឺជាការវិនិយោគដ៏សំ ខាន់សម្រាប់​អនាគត និងជាការចូលរួមចំណែកក្នុងការសម្រេចបាននូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ៕

អត្ថបទ ៖ គង់ សុផុល
វីដេអូ ៖ ក្រសួងបរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner