ក្រសួងប្រៃសណីយ៍ ៖ ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ឱ្យដឹងដា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការជាតិសោតទស្សន៍ និងទូរគមនាគមន៍ (NBTC) នៃប្រទេសថៃ និងអាជ្ញាធរមូលដ្ឋានថៃបានចាត់វិធានការកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិក និងរុះរើបង្គោលអង់តែនរបស់ប្រតិបត្តិករទូរគមនាគមន៍ថៃក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន។ ករណីនេះ ក.ប.ទ. សូមបញ្ជាក់ជូនថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអ៊ីនធឺណិតនិងសេវាទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាបណ្ណស្របច្បាប់។
កន្លងមក ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនផងដែរ ជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិកក្នុងប្រទេសនិងឆ្លងដែនដោយគ្មានអាជ្ញាបណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការលួចប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក.ប.ទ. ក៏សូមគូសបញ្ជាក់ជូនថា ដើម្បីធានាបាននូវសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ. បានចាត់ឱ្យ ន.ទ.ក. សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការស្ថាបនានិងបំពាក់ស្ថានីយអង់តែនទូរសព្ទជាង ៥០០០ បន្ថែមនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧៕
ដោយ ៖ ង៉ាន់ ទិត្យ

