អ.វ.ត.ក. ពិភាក្សាជាមួយផលិតករភាពយន្ដ មកពីប្រទេស​បារាំង ផ្ដោតសំខាន់លើគម្រោងការផលិតភាពយន្ដ ឯកសារនៃ​អំពើព្រៃផ្សៃដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម

(ភ្នំពេញ)៖ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈ​រដ្ឋ​មន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុងតុ​លាការកម្ពុជា (អ.វ.ត.ក.)កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roshane SAIDNATTAR ផលិតករភាពយន្ដ សញ្ជាតិ ខ្មែរ-បារាំង នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ។

កិច្ចពិភាក្សាបានផ្ដោតសំខាន់លើគម្រោងការផលិតភាពយន្ដតាមបែបស្ដង់ដាដោយប្រើប្រាស់ធនធាន មានស្រាប់ដ៏សំបូរ​បែប​របស់ អ.វ.ត.ក. ឯកសារនៃអំពើព្រៃផ្សៃដែលបានកើត​ឡើង​នៅក្នុងសម័យខ្មែរក្រហម ដើម្បីចងក្រងជាខ្សែភាពយន្ដ​សម្រាប់​អប់រំយុវជនជំនាន់ក្រោយ ក្នុងគោលបំណងជំរុញ​ពួកគេ​ឱ្យចូលរួមការពារប្រឆាំងនឹងការកើតឡើង​វិញនៃ​អំពើ​ឃោរឃៅបែបនោះ។

លោកស្រី Roshane SAIDNATTAR បានលើកឡើងថា ភាពយន្តជាមធ្យោបាយដ៏មានអានុភាពដើម្បីនាំយករឿងរ៉ាវអ្វីមួយទៅប្រាប់មនុស្សទៅ ជាពិសេសយុវជនតាមរយៈ ការរួម​បញ្ចូល​ប្រវត្តិសាស្រ្តជាមួយនឹងសិល្បៈនៃការនិទានរឿង យើង​អាចបង្កើតភាពយន្តដែលមិនត្រឹមតែអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជំរុញទឹកចិត្តមនុស្សជំនាន់ក្រោយឱ្យចូលរួមក្នុងការ​ទប់​ស្កាត់​ការការកើតឡើងវិញនូវអំពើឃោរឃៅទាំងឡាយបាន​ដែរ​។

ឯកឧត្តម ក្រាញ់ តូនី បានថ្លែងស្វាគមន៍ចំពោះបំណង នៃកិច្ច​សហការនេះ ហើយ ឯកឧត្តមបន្តថា ការផ្សព្វផ្សាយទៅតាម​រូប​ភាព​ផ្សេងៗ ជាពិសេសតាមរយៈខ្សែភាពយន្តដែលគ្រោង​នឹងផលិតនៅពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជាជំនាន់ក្នុងការសិក្សាស្វែងយល់ពីជម្រៅនៃការឈឺចាប់របស់ពលរដ្ឋកម្ពុជាក្នុងរបបខ្មែរក្រហម។

សូមបញ្ជាក់ថា គម្រោងនៃការផលិតភាពយន្ដអប់រំនេះ ជាការ​បោះជំហ៊ានថ្មីមួយទៀតរបស់ អ.វ.ត.ក. ក្នុងការខិតខំស្វែង​រក​វិធី​សាស្ដ្រអប់រំអំពីប្រវត្តិសាស្ដ្ររបស់កម្ពុជា​ដល់យុវជនជំនាន់​ក្រោយបន្ថែមពីលើអ្វី ដែល អ.វ.ត.ក. បាននឹងកំពុងអនុវត្តរួម​មាន មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. កម្មវិធីទស្សនកិច្ចសិក្សា​ប្រចាំ​សប្ដាហ៍សម្រាប់យុវជនមកពីបណ្ដាខេត្ត កម្មវិធីផ្សព្វ​ផ្សា​យ​តាមរថយន្ដក្រុង អ.វ.ត.ក. ចល័ត គេហទំព័រកេរដំណែល អ.វ.ត.ក. និងបណ្ដាញផ្សព្វផ្សាយសង្គមជាដើម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner