ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញ ចូលរួម “កិច្ចប្រជុំកំពូល​ស្ដីពី​បញ្ញាសិប្បនិម្មិត” នៅសាធារណរដ្ឋបារាំង

(ប៉ារីស)៖ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្ដម ជា វ៉ាន់​ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាង​ដ៏ខ្ពង់​ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ កម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលស្ដីពីបញ្ញា​សិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី​១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ​ឌីជីថល និងឥស្សរជនតំណាងប្រទេសចំនួន ១០០ប្រទេស ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មជ្ឈដ្ឋានសិក្សានិងស្រាវជ្រាវ និងអង្គការអន្តរជាតិជាច្រើន ដែលមានអ្នកចូលរួម​សរុបប្រ​មាណ ១,៥០០នាក់។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចពិភាក្សារវាង​ភាគី​ពាក់ព័ន្ធទាំងអស់លើ​កាលានុវត្តភាពនិងបញ្ហា​ប្រឈម​កើតចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើមូល​បទចំនួន ៥ គឺ (១) នវានុវត្តន៍និងវប្បធម៌ (២) អនាគតនៃវិ​ស័យ​ការងារ (៣) បញ្ញាសិប្បនិម្មិតដែលគួរឱ្យទុកចិត្ត (៤) បញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍សាធារណៈ និង (៥) អភិ​បាលកិច្ចកម្រិតសាកលលើបញ្ញាសិប្បនិម្មិត។

តាមរយៈកិច្ចប្រជុំកំពូលនេះ ភាគីពាក់ព័ន្ធទាំងអស់បាន​ពិ​ភាក្សា​​និងផ្លាស់ប្ដូរយោបល់គ្នាលើកបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការធ្វើនិយ័តកម្មនិងអភិបាលកិច្ចបញ្ញា​សិប្បនិម្មិត​ដើម្បីបញ្ចៀសភាពអវិជ្ជមាន ទី២. ការចាប់យកបញ្ញាសិប្ប​និម្មិត​សម្រាប់ទាំងអស់គ្នា ទាំងរដ្ឋាភិបាល ធុរកិច្ច ពលរដ្ឋ និងសង្គមស៊ីវិល ទី៣. នវានុវត្តន៍ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ី​ក្នុងការអភិវឌ្ឍថ្នាល កម្មវិធី និងប្រព័ន្ធផ្សេងៗមានស្តង់ដានិង​លក្ខណៈបើកចំហរ ទី៤. ការប្រើប្រាស់ថាមពល​ប្រកបដោយ​ចីរភាព និងទី៥. កិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់។

ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួម រួមទាំងកម្ពុជា បានគាំទ្រលើ “សេចក្ដីថ្លែងការណ៍ស្ដីពីបញ្ញា​សិប្បនិម្មិតប្រកបដោយបរិយាបន្ននិងចីរភាពសម្រាប់មនុស្សជាតិនិងភពផែនដី”។ ដោយឡែក សហរដ្ឋអាម៉េរិកនិង​ចក្រភព​អង់គ្លេសមិនគាំទ្រសេចក្តីថ្លែងការណ៍នេះទេ ដោយបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត​មិនគួរមានបទប្បញ្ញត្តិរិតត្បិតទេ ពីព្រោះការរិតត្បិតនេះ​អាចនឹងក្លាយជា​ឧបសគ្គក្នុងជំរុញនវានុវត្តន៍ និងឈានដល់​ការសម្លាប់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។

កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិតលើកនេះ គឺជាកិច្ចប្រជុំបន្ត​ពីកិច្ច​ប្រជុំកំពូលនៅចក្រភពអង់គ្លេសឆ្នាំ២០២៣ និងនៅ​សា​ធារណរដ្ឋកូរ៉េឆ្នាំ២០២៤ ហើយកិច្ចប្រជុំកំពូលបន្ទាប់នឹង​រៀប​ចំនៅសាធារណរដ្ឋឥណ្ឌា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner