រដ្ឋមន្រ្តីការងារគាំទ្រគម្រោងរបស់ ចៃកា និងអាយឡូ ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីការគាំទ្រលើគម្រោងរបស់ទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសជប៉ុន។
ការគាំទ្របានបង្ហាញឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬចៃកា(JICA) និងមន្រ្តីការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដឹកនាំដោយលោក កេនីជី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទីស្នាក់ការកណ្តាលចៃកាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នាទីស្តីការក្រសួង ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបានចាត់ទុកគម្រោងក្នុងការបង្កើតឱ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុន ពិតជាមានសារៈសំខាន់ដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ប្រទេសជប៉ុននៅតែជាទិសដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ពីព្រោះបានទទួលបានប្រាក់អត្ថប្រយោជន៍ខ្ពស់ រួមនិងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ។ឯកឧត្តម សង្ឃឹមថាតាមរយៈគម្រោងនេះ នឹងជំរុញឱ្យមានការផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាកាន់តែប្រសើរ ជាពិសេសអំពីច្បាប់ការងារ និងអត្ថប្រយោជន៍ផ្សេងៗនៅក្នុងប្រទេសជប៉ុន សម្រាប់ភ្នាក់ងារជ្រើសរើសកម្មសិក្សាការី និងពលករជំនាញកម្ពុជា និងភាគីជប៉ុនដែលត្រូវការកម្លាំងពលកម្ម។
លោក កេនីជី ស៊ីស៊ីដូ (Kenichi SHISHIDO) បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជានៃប្រទេសកម្ពុជា លើគម្រោងនេះ ដែលនឹងជួយជំរុញការគាំពារកាន់តែប្រសើរសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុន ជាពិសេសការស្វែងយល់រវាងគ្នាកាន់តែប្រសើររវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ៕
ដោយ៖ ង៉ាន់ ទិត្យ








