គីម ជុងអ៊ុន ចាត់ទុក លោក Trump ថាកំពុងក្អេងក្អាងរឿងវាតទីទឹកដីគេ
បរទេស ៖ លោក គីម ជុង អ៊ុន បានចាត់ទុក ការទាមទាររបស់លោក Donald Trump លើតំបន់ហ្គាហ្សា, ព្រែកជីក ប៉ាណាម៉ា និង តំបន់ Greenland គឺជាភាពក្អេងក្អាងរឿងវាតទី ទឹកដីគេ នេះបើតាមប្រព័ន្ធសារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA កាលពីថ្ងៃពុធ។
ជុំវិញការចង់បានតំបន់ហ្គាហ្សា ត្រូវបាន KCNA បរិហារថា ជាការនិយាយទាំងឆេវឆាវ គ្មានបានសាច់ការ ហើយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទប្លន់ទឹកដី។
KCNA ក៏បានរិះគន់ដល់ រដ្ឋបាល Trump ជុំវិញការអំពាវនាវរបស់ខ្លួន ចង់កាន់កាប់ ព្រែកជីក Panama របស់ប្រទេសប៉ាណាម៉ានិង តំបន់ Greenland ព្រមទាំង ការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅ «ឈូងសមុទ្រអាមេរិក» ដោយបានប្រាប់ទៅសហរដ្ឋអាមេរិកថា គួរតែភ្ញាក់ពីសុបិន នៃថ្ងៃអនាធិបតេយ្យ របស់ខ្លួន ហើយបញ្ឈប់ភ្លាមៗ នូវទង្វើនៃការរំលោភ លើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាព របស់ប្រទេស និងប្រជាជាតិដទៃទៀត ខណៈខ្លួនហៅ សហរដ្ឋអាមេរិកថា ជា «ចោរប្លន់ ដ៏សាហាវ»។
យ៉ាងណាមិញ ជាទូទៅ កូរ៉េខាងជើង តែងតែតវ៉ាប្រឆាំងនឹងទស្សនៈ របស់លោកខាងលិច លើបញ្ហាអន្តរជាតិ។ ការនិយាយស្តីបន្ទោសខ្លាំងៗ លើអាមេរិកនេះ បានកើតឡើង ក្រោយពេលដែលលោកប្រធានាធិបតី Donald Trump ទើបបានប្រាប់ថា លោកនឹងទាក់ទងទៅលោក Kim Jong Un ដោយគេដឹងថា ពួកលោកធ្លាប់ជួបគ្នា កាលពីអាណត្តិដំបូង របស់លោក Trump។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់ទីក្រុងព្យុងយ៉ាង មិនបាននិយាយ ពីរឿងនេះទេ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
