ធនាគារប្រទេសឆែកចង់ប្រមូលទិញកាក់ Bitcoin ៧ ពាន់លានដុល្លារ ស្តុកទុក
បរទេស៖ ធនាគារកណ្តាល ប្រទេសឆែក គ្រោងនឹងប្រមូលទិញកាក់ Bitcoin ដែលគេស្គាល់ថា ជារូបិយប័ណ្ណគ្រីបតូ ឬ រូបិយប័ណ្ណឌីជីថល ក្នុងតម្លៃជាង៧ពាន់លានដុល្លារ ដើម្បីទុកជាទ្រព្យសម្បត្តិបម្រុង នេះបើតាមទីភ្នាក់ងារព័ត៌មាន រយធឺ ចេញផ្សាយថ្មីៗនេះ។
លោក Ales Michl ទេសាភិបាលធនាគាកណ្តាល របស់ប្រទេសឆែក បានប្រាប់កាសែត Financial Times នៅក្នុងបទសម្ភាសន៍មួយថា ធនាគារកំពុងពិចារណាកាន់កាប់កាក់ Bitcoin ជាទុនបម្រុងរបស់ជាតិ ជាលើកដំបូង ហើយ ប្រសិនបើជាមានការយល់ព្រម ធនាគារនឹងអាចកាន់កាប់ កាក់ Bitcoin តម្លៃ ៥% នៃទុនបម្រុងសរុប១៤៦ពាន់លានដុល្លារ ដែលនេះ មានន័យថា ស្មើនឹង ៧.៣ពាន់លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លោក Michell បានអះអាងថា គម្រោងនេះ ត្រូវការការវិភាគសិក្សា ជាច្រើនទៀត ខណៈដែលមានការព្រមានអំពីហានិភ័យ នៃការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ នៅក្នុងហិរញ្ញវត្ថុ សាធារណៈ។
ការពិចារណានេះរបស់ប្រទេសស្ថិតក្នុងប្លុកអឺរ៉ុបមួយនេះ បានធ្វើឡើង ក្រោយពេលដែលកាក់ Bitcoin មានតម្លៃ កើនឡើង លើសពីទ្វេដង ក្នុងឆ្នាំ២០២៤ ហើយប្រធានាធិបតីថ្មីរបស់អាមេរិក លោក Donald Trump បានប្រកាសជំរុញការវិនិយោគ លើកាក់ Bitcoin
ដោយថែមទាំងហៅខ្លួនឯងថា ជាមេធំគ្រីបតូ នៅថ្ងៃស្បថចូលកាន់តំណែង ទៀតផង ។ ថ្មីៗនេះ លោក Trump បានបញ្ជាឱ្យបង្កើតក្រុមការងារ cryptocurrency ដើម្បីធ្វើសេចក្តីព្រាងបទប្បញ្ញត្តិថ្មី និងស្វែងយល់ពីលទ្ធភាព នៃការបង្កើតឃ្លាំងសម្ងាត់ជាតិ គ្រីបតូ៕
ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត
