ខេត្តបន្ទាយមានជ័យប្រារព្ធបុណ្យមាឃបូជាខាងមុខប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ៖ក៏ដូចជារដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេសដែរ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃពុធ ១៥កើតខែមាឃ ឆ្នាំរោងឆស័កពុទ្ធសក​រាជ២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៥ ពុទ្ធបរិស័ទជិតឆ្ងាយ សប្បុរសជន មន្ត្រីរាជការ​បានរៀបចំនូ​វបុណ្យមាឃបូជា ខាងមុខប្រាសាទ​បន្ទាយឆ្មារ ស្រុកថ្មពួក។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ​បានបញ្ជាក់នូវអត្ថន័យសំខាន់នៃបុណ្យមាឃបូជា រួមមាន ១- ដើម្បីប្រារព្ធ​នូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែល​ព្រះអង្គទ្រង់​សម្តែង​ឱវាទបាតិមោក្ខនិងទី៣- ដើម្បីប្រារព្ធថ្ងៃដែល​ព្រះអង្គ​ទ្រង់ដាក់អាយុសង្ខារ។

ព្រះតេជគុណ ធុល សុធា មេគណខេត្តបន្ទាយមានជ័យ មានសង្ឃដីកា​ថាបុណ្យមាឃបូជាពេលនេះ​ជាការរលឹកគោរព​ដឹងគុណដល់ព្រះសម្មាសម្ពុុទ្ធ​បរមគ្រូ នៃយើង ដែលបង្ហាញផ្លូវត្រូវប្រកបដោយសុខសន្តិភាព​ទាំងបច្ចុប្បន្ន​និងអនាគតជាតិ ។ម៉្យាងទៀតក៏ជាការរួបរួមសាមគ្គីគ្នាថែរក្សា​លើកស្ទួយ​វិស័យពុទ្ធសានាឱ្យស្ថិតស្ថេរតរៀងទៅ ក៏ដូចជាការ ការពាររក្សាបាន​សុខ​សន្តិភាព។ មានសន្តិភាព នេះហើយទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ។

ចំណែកលោក អែម សុខា អភិបាលស្រុកថ្មពួកបានឱ្យដឹងនេះជាលើក​ទី៣​ហើយនៃការរៀបចំបុណ្យមាឃបូជា នៅរមណីយ​ដ្ឋានប្រាសាទ​បន្ទាយ​ឆ្មារ ដើម្បីបំផុសនូវស្មារតីពុទ្ធបរិស័ទក៏ដូចប្រជាពលរដ្ឋ បន្តថែរក្សាពុទ្ធសាសនា ផ្សារភ្ជាប់ជាមួយ ប្រសាទបន្ទាយឆ្មារ សម្បត្តិបេតិកភណវប្បធម៌ជាតិ ។

សូមជម្រាបថា ប្រាសាទបន្ទាយឆ្មារសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ នាដើមសតវត្សទី១៣ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner