ពិព័រណ៍ពាណិជ្ជកម្ម ជីអេស១ ៨៨៤ ចាប់បើកដំណើរការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-ក្រុងរយៈពេល ៣ថ្ងៃ
ភ្នំពេញ ៖ ស្ថាប័នជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលា អមដោយពិព័រណ៍ពាណិជ្ជកម្ម ជីអេស១ ៨៨៤ (GS1 884 EXPO) ក្នុងគោលបំណងបង្ហាញពីផលិតផលខ្មែរសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ ពិសេសបច្ចេកវិទ្យា ដើម្បីជំរុញអោយផលិតកម្ម និងការដឹកជញ្ជូនឈានទៅរកប្រសិទ្ធិភាពខ្ពស់ ក្នុងការអភិវឌ្ឍន៍ផលិតផលកម្ពុជាអោយកាន់តែមានគុណភាព សុវត្ថិភាព តម្លៃល្អ និងស្តង់ដារ ជំរុញទីផ្សារផលិតខ្មែរ ទៅលើទីផ្សារ តាមរយៈម៉ាកយីហោ និងភាពត្រឹមត្រូវនៃស្តង់ដារបារកូដ។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា អត្ថប្រយោជន៍នៃការប្រើប្រាស់បារកូដ (Bar Code) គឺមានប្រសិទ្ធភាព ក្នុងការបង្ហាញពីប្រភពដើមនៃផលិតផល និងកាត់បន្ថយកំហុសឆ្គង ហានិភ័យ អាចចំណេញពេលវេលា ក្នុងសង្វាក់ផលិតកម្ម និងលើកកម្ពស់ផលិតផលឲ្យមានការទទួលស្គាល់ជាលក្ខណៈស្តង់ដារ ជាពិសេសងាយស្រួលក្នុងការគ្រប់គ្រងស្តុក ព្រមទាំងងាយស្រួលចរាចរ និងចែកចាយផលិតផល នៅលើផ្សារទំនើប និងទីផ្សារនាំចេញទៅទីផ្សារអន្តរជាតិ និងអាចបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុន និងក្រុមហ៊ុន និងបទដា្ឋនតែមួយចំពោះដៃគូរពាណិជ្ជកម្មទាំងអស់ក្នុងសកលលោក។
ឯកឧត្តមឧកញ៉ាបន្តថា តាមរយៈសិក្ខាសាលានេះ បានលើឡើងប្រធានបទសំខាន់ៗ ដើម្បីចែករំលែកដោយឥតគិតថ្លៃ ក៏ដូចជាជំរុញ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា និងបង្កើនចំណេះដឹង អំពីការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម។ ជាពិសេស បានផ្តល់ចំណេះដឹងអំពីការទទួលបានការផ្តល់ហិរញ្ញប្បទាន និងធានារ៉ាប់រងសម្រាប់សហគ្រាស ក្នុងន័យជំរុញការតភ្ជាប់ទំនាក់ទំនង និងពង្រីកភាពជាដៃគូរពាណិជ្ជកម្មក្នុងវិស័យឯកជន។ បន្ថែមលើនេះ ក៏ផ្តល់ឱកាសក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការស្វែងរកទីផ្សារផលិតផល ទាំងក្នុងស្រុក និងក្រៅប្រទេស ក៏ដូចជាសំដៅស្វែងរកអ្នកវិនិយោគ ព្រមទាំងដៃគូសហការ ដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យឈានដល់ស្តង់ដារអន្តរជាតិ ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារផងដែរ។
ឯកឧត្តមឧកញ៉ាបានបញ្ជាក់ទៀតថា ស្ថាប័នជីអេស១កម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ បានទទួលអាជ្ញាប័ណ្ណពី ជីអេស១ អន្តរជាតិ នៅក្នុងឆ្នាំ២០០៣ និងជាសមាជិកទី១០០ នៃសមាជិកទាំង១១៨ប្រទេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក។ ជីអេស១កម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិក្នុងការគ្រប់គ្រង បែងចែកលេខបារកូដ នៅកម្ពុជា។
សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើនៅទីតាំង The Factory Phnom Penh មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមដោយសេរី ជាមួយកម្មវិធីជាច្រើន រួមមានទស្សនីយភាពចម្រុះ ការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី កម្មវិធីកម្សាន្តសប្បាយៗ និងមានម្ហូបអាហារដ៏ច្រើន សម្បូរបែប ដែលសក្តិសមបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកលេងកម្សាន្ត៕ អត្ថបទ ៖ ឈឹម ទីណា





