Trump កាន់ចុងប៉ិចស៊ីញ៉េកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីជំរុញការកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធទ្រង់ទ្រាយធំ។
បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ នេះ មិនអនុវត្តចំពោះបុគ្គលិកយោធាទេ។ ប្រធានទីភ្នាក់ងារនានាអាចលើកលែងការអនុវត្តបទបញ្ជានេះ សម្រាប់មុខតំណែងណាមួយ ដែលពួកគេយល់ថា ចាំបាច់ ដើម្បីបំពេញតម្រូវការសន្តិសុខជាតិ សន្តិសុខមាតុភូមិ ឬទំនួលខុសត្រូវសុវត្ថិភាពសាធារណៈ។
ការិយាល័យគ្រប់គ្រងបុគ្គលិកសេតវិមានថ្មីៗនេះក៏បានប្រកាសពីការផ្តល់ប្រាក់ខែប្រហែល ៨ខែដល់បុគ្គលិកសហព័ន្ធទាំងឡាយ ដែលជ្រើសរើសឈប់ពីការងាររបស់ពួកគេ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន NBC News បានឱ្យដឹងថា បុគ្គលិកជាង ៦០.០០០នាក់បានយល់ព្រមលាឈប់ពីការងារ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ដើម្បីកាត់បន្ថយកម្លាំងការងាររបស់រដ្ឋាភិបាលយ៉ាងឆាប់រហ័ស។
តួលេខនេះស្មើនឹងចំនួនប្រហែល ៣ភាគរយនៃបុគ្គលិកសហព័ន្ធសរុបចំនួន ២លាននាក់ ដែលមានសិទ្ធិពន្យារពេលលាលែងពីតំណែង។ យ៉ាងណាមិញ វិធានការកាត់បន្ថយកម្លាំងពលកម្មទ្រង់ទ្រាយធំនាពេលថ្មីៗនេះ សម្រាប់បុគ្គលិកសហព័ន្ធ ក៏បានបង្កឱ្យមានការតវ៉ាជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា