បុណ្យមាឃបូជានៅខេត្តតាកែវ អភិបាលខេត្តអញ្ជើញចូលរួមដោយផ្ទាល់
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តាជី យាយជី សីលវន្ត សីលវត្តី យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥បានចូលរួមពិធីបុណ្យមាឃបូជានៅវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ។
សូមជម្រាបថា បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិង
៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ៕
ដោយ៖តាកែវ