បុណ្យមាឃបូជានៅក្រុងសៀមរាប មានអ្នកចូលរួមកន្លះម៉ឺននាក់
សៀមរាប៖នៅរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ មន្ត្រីសង្ឃ ព្រះសង្ឃ និង អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គរភាព កងកម្លាំងបី និង សីលវ័ន្ត សីលវន្តី គរុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពុទ្ធបរិស័ទ ប្រមាណប្រាំពាន់អង្គ និងនាក់ នៅក្រុងសៀមរាប បានចូលរួមដង្ហែក្បួនប្រារព្ធបុណ្យមាឃបូជា ។
ការដង្ហែក្បួនដោយថ្មើរជើងរៀបចំឡើងដោយព្រះចៅអធិការវត្ដដំណាក់ ដែលចូលរួមដោយរដ្ឋបាលខេត្ត បានដង្ហែចេញពីវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ឆ្ពោះទៅកាន់ផ្លូវតាមដងស្ទឹងសៀមរាប និងតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ។
សូមជម្រាបថា បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១- ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន,២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខនិង
៣- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ៕
ដោយ៖ប៊ុនរដ្ឋា