Trump បញ្ជូនបេសកជនអាមេរិកទៅជួប Zelensky បញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថ្មីៗនេះថា លោកបានបញ្ជូនរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីពិភាក្សាពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។
លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា ខ្ញុំបានបញ្ជូនលោករដ្ឋមន្រ្តីហិរញ្ញវត្ថុ Scott Bessent ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយលោកប្រធានាធិបតី Zelensky ពិភាក្សាពីការបញ្ចប់សង្គ្រាម និងធនធានរ៉ែរបស់អ៊ុយក្រែន។
ជាមួយគ្នានេះ លោក Trump បានអះអាងថា សង្រ្គាមអ៊ុយក្រែន-រុស្ស៊ីនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក Bessent បានក្លាយជារដ្ឋមន្ត្រីដំបូងគេរបស់លោក Trump ដែលទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ លោក Bessent បាននិយាយថា ប្រទេសរបស់លោកចង់ធ្វើអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀតជាមួយអ៊ុយក្រែន។
រីឯលោក Zelensky បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Bessent ថា ខ្ញុំស្នើឱ្យលោកប្រធានាធិបតី Trump ផ្តល់ឱ្យយើងនូវការធានាសន្តិសុខ ដើម្បីជួយ និងពង្រឹងកម្លាំងអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា