រាជរដ្ឋាភិបាល បញ្ជាឱ្យចាត់វិធានការម៉ឺងម៉ាត់ បិទ ឬដកហូតអាជ្ញាបណ្ណអាជីវកម្ម ក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដែលមានសកម្មភាពគ្រឿងញៀន
(ភ្នំពេញ)៖ តាមរយៈផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១០ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគណៈបញ្ជាការ ឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ។
លើសពីនេះ ត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំ ឲ្យយកចិត្តទុកដាក់ ក្នុងការងារគ្រប់គ្រង ឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ។
សម្តេចបវរធិបតី ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេស កន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាត ធ្វើអាជីវកម្ម ជាបណ្តោះអាសន្ន ឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណា ដែលបណ្ដែត បណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
សម្ដេចនាយករដ្ឋមន្ត្រី ដាក់បទបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យ ដល់សង្គមជាតិ ដោយការប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍នៅបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឲ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាព បានទាន់ពេលវេលា ។
ជាមួយនេះ សម្តេចបវរធិបតី បានណែនាំឱ្យរៀបចំ ឲ្យមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក សហគ្រាស និងវិស័យឯកជននានា ដើម្បីប្រមូលផ្ដុំ កិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើស គ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល ។
ចំពោះអគ្គនាយកដ្ឋានពន្ធនាគារវិញ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវឲ្យមាន ការលួចនាំចូលគ្រឿងញៀនផ្តល់ឲ្យពិរុទ្ធជន ឬទណ្ឌិត និង/ឬមានទំនាក់ទំនងពីក្នុងពន្ធនាគារ ចេញមកខាងក្រៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងត្រូវពិចារណាលើវិធានការ ក្នុងការគ្រប់គ្រងជនល្មើស ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ឬសេពគ្រឿងញៀន ដាច់ដោយឡែកពីទណ្ឌិតឬពិរុទ្ធជនដទៃទៀត ៕








ដោយ ៖ វណ្ណលុក