មន្ទីរពេទ្យបង្អែកខេត្តសៀមរាបទទួលបានអគារមជ្ឈមណ្ឌលបេះដូង តម្លៃជាង២លានដុល្លារ
សៀមរាប៖នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលបេះដូង ដែលមានតម្លៃជាងពីរលានដុល្លារអាមេរិកដែលជាជំនួយពីសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
លោកជំទាវ ខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបអញ្ជើញចូលរួមក្នុងពិធីនេះ។
លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា អគារមជ្ឈមណ្ឌលនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់សេវាព្យាបាលជំងឺបេះដូង និងជួយកាត់បន្ថយការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យថ្នាក់ជាតិ។លោកបន្តថា បច្ចុប្បន្នអត្រាជំងឺបេះដូងកើនឡើងគួរឱ្យកង្វល់ ជាពិសេសក្នុងចំណោមអ្នកមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងអ្នកមានទម្ងន់លើស។ ក្នុងឆ្នាំ២០២៤កន្លងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលអ្នកជំងឺពិគ្រោះជាង ១៤០ ០០០នាក់ និងមានករណីស្លាប់ ៤៣៦ករណី។
លោក ប៉ែន ផល្គុន បន្តថា ទោះបីជាមន្ទីរពេទ្យមានវេជ្ជបណ្ឌិតឯកទេសបេះដូងចំនួនបួនរូបក៏ដោយ តែការព្យាបាលនៅឡើយតែមិនទាន់ឆ្លើយតបនឹងស្ថានភាពចំនួនអ្នកជំងឺនិងមិនអាចធ្វើបំពង់សរសៃឈាមបេះដូងនៅទីនេះបាននៅឡើយ។ ជាទូទៅអ្នកជំងឺត្រូវបញ្ជូនទៅភ្នំពេញដែលប្រើពេលយ៉ាងតិចបួនម៉ោង ដោយមានករណីជាច្រើនមិនអាចបញ្ជូនបានដោយសារបញ្ហាហិរញ្ញវត្ថុ និងការចំណាយសម្រាប់ការព្យាបាលបន្ថែម។
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានអបអរសាទរការចាប់ផ្តើមគម្រោងនេះ ហើយទុកចិត្តថា អគារថ្មីនេះនឹងក្លាយជាកន្លែងសំខាន់ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺបេះដូង ក្នុងខេត្តសៀមរាប និងតំបន់ជិតខាង។លោកថាការសាងសង់មជ្ឈមណ្ឌលនេះ ជាការចូលរួមដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅខេត្តសៀមរាប។ វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្កើនសុវត្ថិភាពក្នុងការព្យាបាលផងដែរ៕





ដោយ៖ប៊ុនរដ្ឋា