អ៊ីស្រាអែលគំរាមបញ្ចប់បទឈប់បាញ់ បើសិនហាម៉ាស់មិនដោះលែងចំណាប់ខ្មាំងបន្ថែម

ហ្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថ្មីៗនេះថា បទឈប់បាញ់ជាមួយពួកហាម៉ាស់នឹងបញ្ចប់ ប្រសិនបើក្រុមនេះមិនព្រមប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់មកវិញ នៅត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍នេះទេ។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា កងកម្លាំងការពារអ៊ីស្រាអែល នឹងបន្តការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារហូតដល់ក្រុមហាម៉ាស់ចុះចាញ់ ហើយថា ចំណាត់ការនេះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយរដ្ឋមន្ត្រីខុទ្ទកាល័យរបស់គាត់ ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល ៤ម៉ោង។

ការព្រមានបែបនេះរបស់លោក Netanyahu ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសថា ការប្រគល់ចំណាប់ខ្មាំងដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម។

បន្ទាប់ពីការថ្លែងរបស់លោក Netanyahu ក្រុមហាម៉ាស់បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដរាបណាអ៊ីស្រាអែលគោរពតាមដែរ ប៉ុន្តែក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនឹងទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាក ឬការពន្យារពេលណាមួយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner