សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំសន្និបាតបូក សរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។
រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន ៕







អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ