នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែលបង្កលក្ខណៈ ឱ្យកងវិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស
(ភ្នំពេញ)៖ សម្ដេចបថវធិបតីនាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែលបង្កលក្ខណៈ ឱ្យកងវិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរភ្ជាប់ជាមួយវីដេអូសកម្មភាពធ្វើផ្លូវ ទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធ្វើជូន តាមសន្យា ។
សម្ដេចធិបតី សូមអរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម និងបង្កលក្ខណៈឱ្យកងវិស្វកម្ម សម្ដេចតេជោខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម សៀង ណាំ អាចធ្វើផ្លូវជូនតាមការសន្យារបស់ខ្ញុំ បានឆាប់រហ័ស ។
ផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង ៩គីឡូម៉ែត្រមួយខ្សែនេះ មិនត្រឹមតែជួយសម្រួល ដល់ការធ្វើដំណើរនោះទេ ប៉ុន្តែនឹងជួយជំរុញភ្ញៀវទេសចរ ទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក កាន់តែច្រើន ដែលនឹងជួយបង្កើនចំណូលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ ។
សូមរំលឹកថា កាលពីថ្ងៃទី ០១ ធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ សម្ដេចបវរធិបតី បានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាលផ្ទាល់ ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរជាអ្នកបេីកបរ កាណូត និងអុំទូកបម្រេីសេវាជូនអ្នកទេសចរ សម្ដេចបវរធិបតី ទទួលបាននូវសំណូមពរមួយចំនួន ហេីយសម្រេចផ្តល់ ជាដំណោះស្រាយជូនដូចខាងក្រោម៖
១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហមដែលមានស្រាប់ ដេីម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វេីដំណេីរ និងកាត់បន្ថយការហុយ ។
២. កសាងបញ្ជរលក់សំបុត្រថ្មីរបស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដីដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន ។
៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់ ។
សម្ដេចនាយករដ្ឋមន្ត្រី សូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដេីម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ជាពិសេសក៏រួមចំណែក ក្នុងការលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍បន្ថែមនៅក្នុងខេត្តសៀមរាប ។
គួរបញ្ជាក់ថា សហគមន៍នេះ ស្ថិតនៅតាមមាត់ បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមានចំនួន ៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ បត់ស្តាំត្រង់ផ្លូវចូលប្រាសាទបាគង ។
ភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប ផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ព្រៃលិចទឹក លើផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ភោជនីយដ្ឋានបណ្តែតទឹក សម្រស់ថ្ងៃលិច បែចិញ្ចឹមត្រី និងក្រពើ ជាពិសេស គឺ សេវាអុំទូកប្រពៃណី ដើម្បីគយគន់កម្សាន្ត សម្រស់ព្រៃលិចទឹក ដោយស្ត្រី នៅក្នុងសហគមន៍ផ្ទាល់ ៕
ដោយ ៖ វណ្ណលុក




