កាណាដាតប Trump ថា គ្មានថ្ងៃកាណាដាក្លាយជារដ្ឋរបស់អាមេរិកឡើយ

អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថ្មីៗនេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញការដាក់បញ្ចូលកាណាដាជារដ្ឋរបស់សហរដ្ឋអាមេរិក គឺ “គ្មានថ្ងៃកើតឡើងជាខាច់ដាត”។

លោក Trudeau បាននិយាយថា ការលើកឡើងម្តងហើយម្តងទៀតរបស់លោក Trump អំពីការដាក់បញ្ចូលកាណាដាឲ្យក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក គឺជា “រឿងមិនអាចទៅរួចឡើយ”។

លោក Trudeau បានប្រាប់មេដឹកនាំធុរកិច្ចនៅឯកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ចកាណាដា-អាមេរិកនៅទីក្រុងតូរ៉ុនតូ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការគំរាមកំហែងរបស់លោក Trump ដែលចង់ដាក់បញ្ចូលកាណាដាជារដ្ឋទី ៥១ របស់អាមេរិក គឺជា “រឿងពិត” ដែលជំរុញដោយបំណងប្រាថ្នារបស់គាត់ ដើម្បីទាញយករ៉ែដ៏សំខាន់របស់ប្រទេសកាណាដា។

សូមរម្លឹកថា នៅថ្ងៃទី១ ខែកុម្ភៈ រដ្ឋបាលលោក ត្រាំ បានប្រកាសពីការសម្រេចចិត្តដាក់ពន្ធ ២៥ភាគរយលើការនាំចូលទំនិញពីប្រទេសកាណាដា។ កាណាដាបានសងសឹកវិញ ជាមួយនឹងពន្ធ ២៥ភាគរយដូចគ្នាលើទំនិញអាមេរិក ដែលមានតម្លៃប្រហែល ១០៧ពាន់លានដុល្លារ។

ប៉ុន្តែសហរដ្ឋអាមេរិក និងកាណាដាបានផ្អាកពន្ធដែលបានស្នើរៀងៗខ្លួនយ៉ាងហោចណាស់ ៣០ថ្ងៃជាបណ្តោះអាសន្នសិន។ លោក ត្រាំ បាននិយាយថា ប្រសិនបើកាណាដាចង់ជៀសវាងពន្ធដ៏ខ្លាំងនោះ ខ្លួនអាចក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner