កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាចំនួន ៥លានដុល្លារ អាមេរិក ជូនមន្ទីរពេទ្យ ហ្លួងម៉ែ
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន ៥លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យ ហ្លួងម៉ែ (មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក) ដែលអញ្ជើញមកទទួលដោយ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ហើយដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការផ្តល់ថវិកាជួយដល់មន្ទីរពេទ្យហ្លួងម៉ែ ជាសក្ខីកម្មថ្មីមួយទៀតបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខភាពបងប្អូនរួមជាតិ ហើយជាមួយនឹងវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិឯកទេសមហារីកនេះ កាកបាទក្រហមកម្ពុជា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាមានជំនឿយ៉ាងមុតមាំថា មន្ទីរពេទ្យ ហ្លួងម៉ែ នឹងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទទួលបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចំពោះសេវកម្មដ៏ល្អ និងវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកសុខាភិបាលមានវិជ្ជាជីវៈ និងប្រកបដោយក្របសីលធម៌ ។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ៖ «ថវិកាដែលបានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាថវិកាទទួលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភាជារៀងរាល់ឆ្នាំ ។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា សូមចងចាំជានិច្ចនូវគុណូបការៈរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយឧបត្ថម្ភជូន ដល់មន្ទីរពេទ្យ ដែលនេះជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីបន្តខិតខំបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។
សូមជម្រាបជូនថា អតីតមន្ទីរពេទ្យស្រី្តនគរទេព (បច្ចុប្បន្នមន្ទីរពេទ្យ ហ្លួងម៉ែ) ត្រូវបានបង្កើតឡើង ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្ដោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញយកមន្ទីរពេទ្យស្រី្តនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានប្តូរឈ្មោះជា «មន្ទីរពេទ្យ ហ្លួង ម៉ែ» ។
ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានបញ្ចប់ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកយោបល់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក»។ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមន្ទីរពេទ្យ ហ្លួងម៉ែ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ១៩៨ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសុខាភិបាល និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
ដោយ / គ្រី សម្បត្តិ







