ផ្ទុះហ្គាសក្នុងផ្សារទំនើបតៃវ៉ាន់ ផ្តាច់ជីវិតមនុស្ស ៥នាក់ និង ២០នាក់របួស
តៃប៉ិ ៖ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា ហេតុការណ៍ផ្ទុះហ្គាសនៅផ្សារទំនើបមួយកន្លែងនៅទីក្រុងTaichung កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងប្រហែល ២០នាក់ទៀតរងរបួស។
ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិតៃវ៉ាន់ បានឱ្យដឹងថា ករណីផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១១យប់ នៅជាន់ទី១២ នៃផ្សារទំនើបដ៏ពេញនិយមមួយ ដែលជាទីតាំងអាហារដ្ឋានកំពុងសាងសង់។ ភ្លាមៗ មនុស្សប្រហែល ២៣៥នាក់ត្រូវបានជម្លៀសចេញពីអគារ និងតំបន់។
ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដោយមានអ្នកពន្លត់អគ្គីភ័យជាង ១៣០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ នេះបើយោងតាមការបញ្ជាក់ពីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ។
ជាមួយគ្នានេះ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានបង្ហោះសារនៅលើ Facebook ថា ភ្នាក់ងាររដ្ឋាភិបាលជាច្រើនកំពុងដុតដៃដុតជើង ឆ្លើយតបឧបទ្ទវហេតុនេះ រួមទាំងក្រសួងសុខាភិបាលផងដែរ ដើម្បីសម្របសម្រួលធនធានវេជ្ជសាស្រ្តដល់អ្នករបួស។
លោក Lai ក៏បានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយអំពាវឲ្យសាធារណជនកុំចូលទៅជិតកន្លែងកើតហេតុ។
តៃវ៉ាន់ក៏ធ្លាប់រងការបំផ្លិចបំផ្លាញ ដោយសារហេតុការណ៍ផ្ទុះហ្គាសពីមុនមកផងដែរ។ តួយ៉ាង នៅក្នុងឆ្នាំ ២០១៤ ហេតុការណ៍ផ្ទុះជាបន្តបន្ទាប់ ដែលបង្កឡើងដោយការលេចធ្លាយឧស្ម័នក្រោមដី បានសម្លាប់មនុស្សជាច្រើននាក់ និងរាប់រយនាក់ទៀតរងរបួសនៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


