ឥណ្ឌូណេស៊ីប្រកាសអាសន្នបន្ទុះភ្នំភ្លើងក្នុងកម្រិតខ្ពស់បំផុត
ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីបានបង្កើនស្ថានភាពប្រកាសអាសន្ន នៃភ្នំភ្លើង Lewotobi Laki-Laki នៅលើកោះ Flores ដល់កម្រិតខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីសកម្មភាពភ្នំភ្លើងនេះមានការកើនឡើងខ្លាំង។
ភ្នំភ្លើងនេះត្រូវបានគេរាយការណ៍ថា កំពុងផ្ទុះពុះកញ្ច្រោល និងបញ្ចេញផ្សែងខ្មួលខ្មាញ់ហោះអណ្តែតពាសពេញផ្ទៃមេឃជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។
ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រនៅក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Muhammad Wafid បាននិយាយថា សកម្មភាពនៃភ្នំភ្លើងនេះបានកើនឡើងគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប ទីភ្នាក់ងារនេះបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន និងជៀសវាងនៅឲ្យឆ្ងាយពីភ្នំភ្លើងក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រ។
ទីភ្នាក់ងារនេះក៏បានណែនាំផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងតំបន់មានចម្ងាយ ៧គីឡូម៉ែត្រពីភ្នំភ្លើង ស្ថិតនៅផ្នែកភាគនិរតី និងភាគឦសាន ដោយសារតែការកើនឡើងហានិភ័យផ្ទុះភ្នំភ្លើងភ្លាមៗ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស-សត្វ។ ភ្នំភ្លើង Lewotobi Laki-Laki គឺជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៧ របស់ប្រទេសឥណ្ឌូណេស៊ី៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
