ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

(ប៉ារីស)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាល AFD។

ឯកឧត្ដមរដ្ឋមន្ត្រី និងលោកនាយក បានរំឭកពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាង ក.ប.ទ. និង AFD លើការងារបរិវត្តកម្មឌីជីថល រួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថលនិងនវានុវត្តន៍ឌីជីថល រួមមានគម្រោងជំនួយបច្ចេកទេសលើគោលនយោបាយទិន្នន័យបើកចំហ គម្រោងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល និងគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបលោកនាយកអំពីសន្ទុះបរិវត្តកម្មឌីជីថលនៅកម្ពុជាលើគ្រប់ផ្នែក ជាពិសេសការតភ្ជាប់ឌីជីថល ធនធានមនុស្សឌីជីថល ក្របខណ្ឌអភិបាលកិច្ច ការរៀបចំសួនឌីជីថល និងបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល រួមមានថ្នាល verify.gov.kh ជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សម្រាប់ការអភិវឌ្ឍ វិស័យឌីជីថលនៅកម្ពុជា និងស្នើឱ្យ AFD ជំរុញគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យឱ្យបានជោគជ័យក្នុងពេលឆាប់ៗ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការលើផ្នែកធនធានមនុស្ស ថ្នាលសម្រាប់ការអប់រំ និងការទាក់ទាញក្រុមហ៊ុនឌីជីថលមកដំណើរការនៅកម្ពុជា ដើម្បីចូលរួមពង្រឹងអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនិងវិស័យឌីជីថលនៅកម្ពុជាឱ្យទាន់សភាពការណ៍វិវត្តក្នុងវិស័យនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner