មេដឹកនាំយុវជនសង្គមស៊ីវិលចាត់ទុកការរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺមានមេខ្លោងភេរវករ ទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមបណ្តាញយុវជនសង្គមស៊ីវិល បានជួបជុំគ្នាថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមដែលរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះសម្តេចតេជោ នៅក្រុងតាខ្មៅ។ ដោយមេដឹកនាំយុវជនសង្គមស៊ីវិល បានចាត់ទុកការរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺមានមេខ្លោងភេរវករ ទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នងនៃផែនការដ៏ខ្មៅកខ្វក់នេះ។
លោក ហេង សំណាង មេដឹកនាំយុវជនសង្គមស៊ីវិលបានថ្លែងថា ក្រុមយុវជនសង្គមស៊ីវិលថ្កោលទោសយ៉ាងដាច់អហង្ការនៅនយោបាយភេរវកររបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក។ អំពើភេរវកម្មដែលយើងមើលឃើញនេះ គឺស្រស់នឹងភ្នែកតែម្តង។ កន្លងមកទាំងថ្នាក់ដឹកនាំកំពូល ទាំងប្រជាពលរដ្ឋ មហាជន បណ្តាគណបក្សនយោបាយនៅកម្ពុជា និងអង្គការសង្គមស៊ីវិល បានទទូចម្តងហើយម្តងទៀតឱ្យដាក់ក្រុមជ្រុលនិយម និងទណ្ឌិត សម រង្ស៊ី បញ្ចូលនៅក្នុងភេរវកម្មនៅលើពិភពលោកតែម្តង ពីព្រោះទង្វើ និងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមកំពុងតែបញ្ជេះកំហឹងឱ្យមានភ្នក់ភ្លើងសង្គ្រាម។ ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមានការប៉ុនប៉ងប្រើដ្រូនវាយប្រហារចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ។ នយោបាយរបស់ជនក្បត់ជាតិក្លាយទៅជាភ្លើងសង្គ្រាមតែម្តង។
ជាមួយគ្នានេះ មេដឹកនាំយុវជនសង្គមស៊ីវិលស្នើសុំដាក់ទៅដល់ស្ថាប័នជាតិ និងអន្តរជាតិ ដាក់ក្រុមជ្រុលនិយមជាភេរវករ ហើយនិងបង្កើតច្បាប់ភេរវកម្ម និងសូមឱ្យអន្តរជាតិមើលទង្វើរបស់ក្រុមជ្រុលនិយមដែលកំពុងតែធ្វើ៕
ដោយ៖ពលជ័យ


