ក្រុមការងាររបស់ Elon Musk នឹងចុះពិនិត្យថ្លៃចំណាយខ្ជះខ្ជាយនៅអង្គការណាសា
វ៉ាស៊ីនតោន ៖ ក្រុមការងាររបស់នាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក Elon Musk មានផែនការចុះត្រួតពិនិត្យមើលការចំណាយរបស់ទីភ្នាក់ងារអវកាសអាមេរិកមួយនេះ ហើយបានកត់សម្គាល់ថា បុគ្គលិក NASA រាប់រយនាក់បានទទួលយកសំណើលាឈប់ពីការងាររបស់រដ្ឋាភិបាល។
ប្រធានស្តីទីអង្គការ NASA លោកស្រី Janet Petro ដែលពីមុនធ្លាប់ជាប្រធានមជ្ឈមណ្ឌលអវកាស Kennedy បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសន្និសីទឧស្សាហកម្មអវកាសនៅទីក្រុងវ៉ាស៊ីនតោនថា យើងនឹងអនុញ្ញាតឱ្យនាយកដ្ឋាន DOGE មកត្រួតពិនិត្យ… ពួកគេនឹងពិនិត្យមើលនូវអ្វីដែលស្រដៀងគ្នានឹងអ្វីដែលពួកគេបានធ្វើនៅតាមភ្នាក់ងារផ្សេងទៀតដែរ មានដូចជាការចំណាយរបស់យើង និងលុយដែលបានចាយវាយពីមុន។
នៅពេលត្រូវបានសាកសួរថាតើបុគ្គលិក NASA ប៉ុន្មាននាក់បានទទួលយកផែនការលាឈប់ពីការងាររបស់រដ្ឋបាលលោក Trump លោកស្រី Petro បាននិយាយថា ប្រហែលជាមានរាប់រយនាក់ឯណោះ។ អនាគតកម្មវិធីអវកាសដ៏លេចធ្លោរបស់ NASA គឺការចុះចតមនុស្សនៅលើភពព្រះចន្ទ បានស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលលោក Musk និងលោក Trump ចាប់អារម្មណ៍បេសកកម្មដ៏មានសក្តានុពលទៅកាន់ភពអង្គារវិញ។
សម្រាប់នាយកដ្ឋាន DOGE ថវិកាចំណាយលើការអភិវឌ្ឍរ៉ុក្កែតបញ្ជូនយានទៅភពព្រះចន្ទរបស់ NASA ត្រូវបានគេមើលឃើញថា ជាគោលដៅកាត់បន្ថយការចំណាយដ៏មានសក្តានុពលមួយ ប៉ុន្តែការកាត់បន្ថយកម្លាំងការងារក្នុងការអភិវឌ្ឍរ៉ុក្កែត គឺជារឿងស្មុគស្មាញដល់សម្រេចគោលដៅនេះ។
គួរបញ្ជាក់ថា ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅក្នុងយុទ្ធនាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល លោក Trump បានណែនាំភ្នាក់ងាររដ្ឋាភិបាលទូទាំងប្រទេស ឲ្យធ្វើការជាមួយលោក Musk។ ហើយកាលពីពេលថ្មីៗនេះ លោក Trump ក៏បានអះអាងផងដែរថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល បានរកឃើញការខ្ជះខ្ជាយលុយ ការក្លែងបន្លំ និងការរំលោភបំពានថវិកាជាច្រើនពាន់លានដុល្លារនៅក្នុងជួររដ្ឋាភិបាលអាមេរិក៕


ប្រភព ៖ រ៉យទ័រ និង Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា