រុស្ស៊ីចែចូវឥណ្ឌាទិញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥
មូស្គូ ៖ រុស្ស៊ីកំពុងបញ្ចុះបញ្ចូលឱ្យឥណ្ឌាទិញយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥ របស់ខ្លួន គឺ Sukhoi Su-57 សម្រាប់បំពាក់ដល់កងទ័ពអាកាសឥណ្ឌា ខណៈដែលទីក្រុងមូស្គូចង់បង្កើនទំនាក់ទំនងការពារជាតិជាមួយទីក្រុងញូវដែលី។
អ្នកនាំពាក្យក្រុមហ៊ុននាំចេញសព្វាវុធរដ្ឋ Rosoboronexport របស់រុស្ស៊ីបានប្រាប់អ្នកកាសែតថា យន្តហោះចម្បាំងបំបាំងកាយ Sukhoi Su-57 នឹងចាប់ផ្តើមដំណើរការផលិតនៅដើមឆ្នាំ ២០២៥នេះ ប្រសិនបើរដ្ឋាភិបាលឥណ្ឌាទទួលយកសំណើរបស់រុស្ស៊ី។ យ៉ាងណា ក្រសួងការពារជាតិឥណ្ឌាមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ជាច្រើនទស្សវត្សកន្លងមកនេះ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់ដល់ឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធដ៏ធំបំផុតរបស់ពិភពលោក ហើយយន្តហោះចម្បាំងរបស់រុស្ស៊ី គឺជាផ្នែកមួយនៃកងយោធារបស់ប្រទេសឥណ្ឌា។
ប៉ុន្តែប៉ុន្មានចុងក្រោយនេះ ការនាំចេញសព្វាវុធរុស្ស៊ីបានជាប់គាំង ដោយសារទណ្ឌកម្មបង្កឡើងពីសង្រ្គាមនៅអ៊ុយក្រែន ដែលធ្វើឱ្យឥណ្ឌាងាកទៅរកអ្នកផ្គត់ផ្គង់លោកខាងលិចវិញ។
សូមបញ្ជាក់ថា យន្តហោះជំនាន់ទី៥ របស់រុស្ស៊ី មាន Su-57 ដែលត្រូវបានអភិវឌ្ឍឡើង និងមានបំពាក់មុខងារជាច្រើនប្រភេទ នៅក្នុងការបំផ្លាញទីតាំងសត្រូវ ទាំងលើអាកាស និងលើដី និងធ្វើប្រតិបត្តិការបានជាច្រើន។
មិនតែប៉ុណ្ណោះ ល្បឿនយន្តហោះនេះ គឺលឿន និងអាចបំបាំងខ្លួន ពីរ៉ាដាសត្រូវបានថែមទៀត។ ផ្អែកតាមការចេញផ្សាយដោយទូរទស្សន៍ CNN យន្តហោះ Su-57 របស់រុស្ស៊ី មានតម្លៃចន្លោះពី ៣៥ ទៅ ៥៤ លានដុល្លារ។ នេះបើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការបរទេស៕
ប្រភព ៖ Reuters និង CNN ប្រែសម្រួល ៖ ឈឹម ទីណា