កម្ពុជានិងធនាគារពិភពលោកវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងធនាគារពិភពលោកនិងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងធនាគារពិភពលោក នាពេលកន្លងមក ។

ការវាយតម្លៃនេះបានគូសរំលេចនៅក្នុងជំនួបរវាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោកស្រី Lalita M.Moorty នាយិកាធនាគារពិភពលោក ផ្នែកវិបុលភាពប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងសហការី កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាភូមិន្ទ ។

ក្នុងជំនួបថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងធនាគារពិភពលោក នាពេលកន្លងមក ដែលស្របតាមចក្ខុវិស័យ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី Lalita M.Moorty បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងយល់បន្ថែមពីការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា និងមានបំណងក្នុងការពិភាក្សាបន្តលើកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក និងក្រសួងមុខងារសាធារណៈ។

ចំណែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកត់សម្គាល់នូវកិច្ចសហការ និងការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗនានា ព្រមទាំងបានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានគាំទ្រវិស័យមុខងារសាធារណៈ ដោយការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល ជាពិសេសតាមរយៈជំនួយផ្នែកបច្ចេកទេស និងការសហការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃក្រសួងនិងមន្ត្រីរាជការដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋបាលសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនប្រតិភូធនាគារពិភពលោក នូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសលើការអនុវត្តវិធានការគន្លឹះទាំង៣ ដើម្បីសម្រេចគោលដៅឆ្ពោះទៅការធ្វើទំនើបកម្មស្ថាប័នរដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នា លើការពិនិត្យលទ្ធភាព ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ឱ្យកាន់តែចំគោលដៅបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការសម្រេចជោគជ័យនូវការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការជាអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧៕
ដោយ៖ ង៉ាន់ ទិត្យ
