សិង្ហបុរីខាតលុយជាង ២៤លានដុល្លារពីករណីឆបោកបែបវិនិយោគក្លែងក្លាយ
ហាណូយ ៖ ករណីឆបោកបែបវិនិយោគលើបណ្តាញសង្គមច្រើនជាង ៤៧០ ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសសិង្ហបុរី ចាប់តាំងពីដើមឆ្នាំ ២០២៥ ធ្វើឱ្យប្រទេសមួយនេះ ខាតបង់ប្រាក់យ៉ាងហោចណាស់ ២៤.១ លានដុល្លារ។
ប៉ូលិសបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ភាគច្រើននៃជនរងគ្រោះទាំងនោះ បានចាញ់បោកជនល្មើស តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីផ្ញើសារ និងការណាត់ជួបដោយផ្ទាល់ជាដើម។ ជាមួយគ្នានេះ អាជ្ញាធរសិង្ហបុរីបានដាស់តឿនសាធារណជនទូទៅ ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលធ្វើការសម្រេចចិត្តវិនិយោគណាមួយ។
បន្ថែមលើនេះ អាជ្ញាធរសិង្ហបុរីបានដាក់ចេញវិធានការប្រុងប្រយ័ត្នមួយចំនួន រួមមានការបើកមុខងារសុវត្ថិភាព ដូចជាការកំណត់ឯកជនភាព, ពិនិត្យមើលសូចនាករគំរោងតាមរយៈប្រភពផ្លូវការ, ផ្ទៀងផ្ទាត់ភាពស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគ និងការរាយការណ៍អំពីការឆបោកដែលសង្ស័យទៅកាន់អាជ្ញាធរ ក៏ដូចជាជូនដំណឹងដល់ក្រុមគ្រួសារ និងមិត្តភក្តិផងដែរ។ នេះបើតាមកសេចក្តីរាយការណ៍របស់សារព័ត៌មានចិនស៊ីនហួរ។
គួរកត់សម្គាល់ថា ក្នុងពេលបច្ចុប្បន្ន ជនខិលខូចបានប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Instagram និងTelegram ជាដើម ដើម្បីឆបោកប្រជាជន តាមរយៈការទិញ-លក់ក្លែងក្លាយ, ការវិនិយោគ, ការលួចគណនី ឬទិន្នន័យ និងការផ្តល់ការងារជាដើម។ បណ្តាញសង្គមទាំងបីនេះ បានក្លាយជាវេទិកាសម្រាប់ឆបោករបស់ជនខិលខូចនៅប្រទេសសិង្ហបុរី៕
ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា