វៀតណាមចង់ចរចាជាមួយ Trump រឿងដាក់ពន្ធ ២៥ ភាគរយលើដែកថែប និងអាលុយមីញ៉ូម
ហាណូយ ៖ វៀតណាមបានបង្ហាញពីឆន្ទៈចង់ពិភាក្សាជាមួយអាមេរិក ក្នុងគោលបំណងដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចរាល់ ក្នុងការដំឡើងពន្ធ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានថា វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាជាមួយអាមេរិក ក្នុងន័យស្ថាបនា និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាចែករំលែកព័ត៌មាន ជំរុញការយល់ដឹង និងការដោះស្រាយបញ្ហាលេចធ្លោ សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានស្ថិរភាព បំពេញនូវផលប្រយោជន៍របស់ភាគីទាំងពីរ។
លោកស្រី Hang បានគូសបញ្ជាក់ថា វៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគី ដោយឈរលើមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ។ វៀតណាម រួមជាមួយកាណាដា ម៉ិកស៊ិក ប្រេស៊ីល និងកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ពីការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការដំឡើងពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកថែប ចាប់ពីថ្ងៃទី៤ ខែមីនាតទៅ។
លោក Trump បានអះអាងថា ការសម្រេចចិត្តបែបនេះ នឹងលើកទឹកចិត្តឱ្យអាជីវកម្មជាច្រើនប្តូរទីតាំងប្រតិបត្តិការទៅកាន់សហរដ្ឋអាមេរិក។ ផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់វៀតណាម ដែលនាំចូលទៅអាមេរិកកំពុងប្រឈមមុខនឹងការជាប់ពន្ធ ១០ភាគរយ និង ២៥ភាគរយ។ ហើយប្រសិនបើការសម្រេចចិត្តរបស់លោក Trump ចូលជាធរមាន នោះពន្ធគយសម្រាប់ផលិតផលអាលុយមីញ៉ូមរបស់វៀតណាមនឹងកើនឡើង ១៥ភាគរយ៕
ប្រភព៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា



