ទេសចរ ឬអ្នកដំណើរឡើងភ្នំគិរីរម្យ លែងបារម្ភរឿងស្ពានទៀតហើយ
ភ្នំពេញ៖៖នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ពានបេតុងទើបសាងសង់ស្ទើររួចចំនួនពីរកន្លែងស្ថិតលើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យឬឧទ្យានជាតិគីរីរម្យ) បានដាក់ឱ្យអ្នកដំណើរធ្វើចរាចរជាបណ្ដោះអាសន្ន ឆ្លងជំនួសស្ពានចាស់ តូចចង្អៀត និងចាស់ទ្រុឌទ្រោម។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានបេតុងពីរកន្លែងជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នហើយនៅថ្ងៃទី១៥ ខែកុម្ភៈ នេះ។
អ្នកនាំពាក្យដដែលបន្តថា ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ”ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ផងដែរ។
គួរជម្រាបថា គម្រោងស្ថាបនាស្ពានបេតុង២កន្លែងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។
ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០ភាគរយហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។
រមណីយដ្ឋានភ្នំគិរីរម្យគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការកែលំអហេដ្ឋារចនាសម័្ពន្ធផ្លូវទៅកាន់តំបន់អេកូទេសចរណ៍មួយនេះ នឹងធ្វើឱ្យខេត្តកំពង់ស្ពឺកាន់តែទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ និងទេសចរបរទេសដែលចូលចិត្តធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំ៕
ដោយ៖មុនី
រូបភាព៖ឯកឧត្តម ផន រឹម




