រដ្ឋបាលរាជធានីភ្នំពេញកែសម្រួលតម្រាយផ្លូវរថយន្តក្រុងសាធារណៈនិងបន្ថែមម៉ោងទៅកាន់កន្លែងកម្សាន្តផ្លូវថ្មើរជើង

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចកែសម្រួលតម្រាយខ្សែរត់ និង​បន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុង សាធារណៈខ្សែទី២A,ខ្សែទី៣ និងខ្សែទី៤A ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street)។ការកែសម្រួលនេះបន្ទាប់ពីរដ្ឋបាលរាជធានីបានដាក់ឱ្យដំណើ​រការ​ផ្លូវថ្មើរជើង នៅតំបន់មាត់ទន្លេប្របដងទន្លេសាបនិងតំបន់ខាងមុខព្រះបរម
រាជវាំង​នៅថ្ងៃសៅរ៍ និងអាទិត្យ ចំនួនពីរសប្ដាហ៍រួចមកហើយ ។

តាមយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈការកែសម្រួលនេះគឺ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យនៃសប្តាហ៍ឱ្យមានដំណើរការរហូតដល់​ម៉ោង១១:០០ នាទីយប់ ក្នុងនោះ៖១- ខ្សែទី២A មានគោលដៅចេញដំណើរពីស្ថានីយរថយន្ត​ក្រុងរង្វង់មូលគួចកាណុង និងពីស្ថានីយ​រថយន្តក្រុង ព្រែកសំរោង (ក្រុងតាខ្មៅ ខេត្តកណ្តាល)ដែលឆ្លងកាត់តាមផ្លូវលេខ៤៧ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ បន្តរត់តាម មហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង(ផ្លូវលេខ១៣) ផ្លូវលេខ១៧២ តាមមហាវិថីព្រះនរោត្តម ឆ្លងស្ពានអាកាសក្បាលថ្នល់ កាត់តាមផ្លូវជាតិលេខ២ ដល់ស្ថានីយ​រថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ ខេត្តកណ្តាល) ។

កំណត់សម្គាល់ ៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង: BO៧ (ចំណត ផ្សារចាស់​លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), BO៩ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១០ (ចំណត​សារមន្ទីរព្រះ​ស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១១ (ចំណតផ្សារកណ្តាល ផ្លូវលេខ១៣ កែងផ្លូវលេខ ១៥៤), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨), B១៤ (ចំណតសមាគមចិនទៀជីវ ផ្លូវលេខ១៣ កែងផ្លូវ១៤០), B១៦ (ខាងក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤)។

២- ខ្សែទី៣ មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូ​ម៉ែត្រលេខ៩ និងពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ តាមផ្លូវជាតិលេខ៥ រួចរត់តាមតីរវិថីព្រះស៊ីសុវត្ថិ តាមវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ុង អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) វិថីរចនា (ផ្លូវលេខ៦១៦) រត់តាមមហាវិថីព្រះនរោត្តម តាមវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០ ផ្សារធំថ្មី) មហាវិថីកម្ពុជាក្រោម ឆ្លងស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្សី ស្ពានអាកាសចោមចៅ បន្តរត់មកផ្លូវជាតិលេខ៣ បត់ឆ្វេងតាមផ្លូវ ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង)។
កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង: B១០ (ចំណត សារមន្ទីរព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨)។

៣- ខ្សែទី៤A មានគោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងសួន​ច្បារឬស្សីកែវ និងពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ដែលឆ្លង​កាត់តាមផ្លូវជាតិលេខ៥ រហូតមកដល់រង្វង់មូលគួចកាណុង តាមផ្លូវលេខ៤៧ រហូតដល់រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) វិថីព្រះអង្គអេង (ផ្លូវលេខ១៣) វិថីរចនា (ផ្លូវលេខ៦១៦) បន្តរត់តាមមហាវិថីព្រះនរោត្តម វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០ ផ្សារធំថ្មី) បន្តរត់តាមមហាវិថី ហ្សាលដឺ​ហ្គោល រួចបន្តរត់តាមមហាវិថីព្រះមុនីរ៉េត ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រត់តាមមហាវិថីចោមចៅ តាមផ្សារទួលពង្រ តាមផ្លូវ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង)។
កំណត់សម្គាល់៖ មានចំណតរង់ចាំរថយន្តក្រុងនៅក្បែរតំបន់ផ្លូវថ្មើរជើង: B១០ (ចំណតសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ផ្លូវលេខ១០៦), B១២ (ចំណតផ្សារចាស់ លើផ្លូវលេខ១៣ កែងផ្លូវលេខ១០៨)៕
ដោយ៖ហេង សម្បត្តិ ,ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner