ពលរដ្ឋចំនួន១២០គ្រួសារមានជីវភាពខ្វះខាតរស់នៅតំបន់ព្រំដែនស្រុកកំពង់រោទិ៍ទទួលបានអំណោយពីសប្បុរសជន នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់
ស្វាយរៀង៖ពលរដ្ឋចំនួន១២០គ្រួសារ និងសិស្សានុសិស្សចំនួន៥៧៧នាក់ មកពី៧សាលា ព្រះសង្ឃចំនួន ៥វត្ត ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥បានទទួលអំណោយពីសប្បុរសធម៌មាន បច្ច័យ គ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនពីលោកអគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី។ ការបរិច្ចាគនេះចំថ្ងៃទិវានេះសេចក្តីស្រឡាញ់។

លោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី បានលើកឡើងថា ទម្រាំលោកមានថ្ងៃនេះ អតីតកាលគ្រួសាររបស់លោក និងរូបលោកមាន ជីវភាពលំបាកខ្លាំងណាស់ ដូច្នេះហើយទើបលោកតែងយកទិវា នៃសេចក្តីស្រឡាញ់១៤ កុម្ភៈចែករំលែកនូវទានមនុស្សធម៌នេះ ជារៀងរាល់ឆ្នាំដើម្បីផ្ដល់ជូននូវក្តីស្រឡាញ់ដល់មនុស្សគ្រប់រូប។

ក្នុងពិធីនេះដែរលោកស្រី វ៉ា សុជាតា អភិបាលរងស្រុកកំពង់រោទិ៍ ជាមួយនឹងការសំណេះសំណាល លោកស្រីក៏បានថ្លែងអំណរគុណ ដល់លោកអគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ដែលតែងតែគិតគូ រយកចិត្តទុកដាក់និងចែករំលែកនូវថវិកា ស្បៀងអាហារជា រឿយៗដល់ប្រជាពលរដ្ឋស្រុកកំពង់រោទិ៍។

សូមបញ្ជាក់ថា ដើម្បីញ៉ាំងឱ្យបរិយាកាសឱ្យមានភាពសប្បាយរីករាយ លោកអគ្គនាយកក្រុមហ៊ុន បានរៀបចំកម្មវិធីកម្សាន្តសប្បាយដោយ អនុញ្ញាតឱ្យមហាជនអាចចូលរួម ការចាប់ដៃគូប្រឡងញ៉ាំផ្លែឈើទទួល បានរង្វាន់លេខ១ ចំនួន ១.០០០ដុល្លារ រង្វាន់លើកទឹកចិត្តក្នុង១គូ ,ចំនួន ៣០០ដុល្លារ និងការប្រឡងចម្រៀង អ្នកទទួលបានជ័យលាភីលេខ១. ទទួលបានរង្វាន់ធំទឹកប្រាក់ ៥.០០០ដុល្លារ ,លេខ២.រង្វាន់ទឹកប្រាក់ ២.០០០ដុល្លារ និងរង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ ក្នុងបេក្ខជន ម្នាក់ៗ ពីគណៈកម្មការផ្ដល់ពិន្ទុដោយ កញ្ញា យូរី ,នាយចឺម និងលោក នីកូ សុទ្ធសឹងជាតារាចម្រៀងដ៏មានប្រជាប្រិយភាព នៅព្រះរាជាណាចក្រ កម្ពុជាផងដែរ៕
ដោយ៖នុត នាង

