តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំមួយរូប ចែករំលែកក្តីស្រឡាញ់ដល់ កុមារកំព្រា ចាស់ព្រឹទ្ធាចារ្យនៅថ្ងៃ១៤ កុម្ភៈ

កំពង់ធំ៖នៅក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ លោកជំទាវ យស ថានារី តំណាងរាស្រ្តមណ្ឌលខេត្ត​កំពង់ធំ​រួមជាមួយ ថ្នាក់ដឹកនាំខេត្ត និង ក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំបានចុះសួរសុខទុក្ខ និងនាំយកម្ហូប អាហារ ថវិកាចែក​ជូនដល់កុមារ​កំព្រាចំនួន ៤៨ នាក់ នៅបុរីកុមារ ខេត្តកំពង់ធំនៅភូមិអាចារ្យលាក់, សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន​និង ជួបជាមួយចាស់ព្រឹទ្ធាចារ្យ ដែលបានរួមការងារកន្លងមកនៅ សាលប្រជុំ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ក្នុងជំនួបទាំងពីរដែលរៀបចំឡើងដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយ លោកជំទាវ យស ថានារី បានលើឡើងអំពីការយក​ចិត្តទុកដាក់របស់​រដ្ឋបាលខេត្តកំពង់ធំចំពោះការរស់នៅ និងរៀនសូត្ររបស់កុមារកំព្រា ។ទន្ទឹមនេះ​ក្រុមហាត់ប្រាណមិត្តភាព​ខេត្តកំពង់ធំ ក៏បានចែករំលែក នូវសេចក្តីមេត្តា សេចក្តីស្រឡាញ់ តាមរយៈការផ្តល់ម្ហូបអាហារ និងថវិកាបន្តិបន្តួច ដល់កុមារកំព្រានៅក្នុងមណ្ឌល។
សូមជម្រាបថា បុរីកុមារខេត្តកំពង់ធំ មានកុមារកំព្រាចំនួន៤៨ នាក់ ក្នុងនោះស្រី ២៣នាក់កំពុងរស់នៅនិងមានបុគ្គលិក ចំនួន ៦នាក់បម្រើការនៅទីនេះ។

ដោយឡែកក្នុងជំនួបជាមួយចាស់ព្រឹទ្ធាចារ្យចំនួន៥៧នាក់ លោកជំទាវ បានលើកឡើងពីគុណបំណាច់ចាស់ព្រឹទ្ធាចារ្យ ដែលបានរួមការងារកន្លងមក។ចំណែកការជួបសំណេះសំណាលលើកនេះគឺជាឱកាសដើម្បីផ្សារភ្ជាប់ទំនាក់ទំនង សាមគ្គីភាព ស្រឡាញ់ និងដឹងគុណចំពោះគុណបំណាច់ ដ៏ធំធេងរបស់ រៀមច្បងជំនាន់មុន៕

ដោយ៖ប៊ុន រដ្ឋា

ads banner