អាមេរិកបើកដំណើរការ TikTok ឲ្យលេងកម្សាន្តដូចធម្មតាវិញ

បរទេស ៖ នៅទីបំផុត បណ្តាញសង្គម TikTok បានវិលត្រឡប់មកដំណើរការពេញលេញ ដូចធម្មតាឡើងវិញ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានដកចេញ កាលពីខែមុន។

បើតាមទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា TikTok មានម្តងទៀត នៅលើ App Store របស់ Apple និង Google កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យារពេលការអនុវត្ត ការហាមឃាត់ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ចិនមួយនេះ រហូតដល់ថ្ងៃទី ៥ ខែមេសា។

កម្មវិធីដ៏ពេញនិយម ដែលត្រូវបានប្រើប្រាស់អ្នកនៅអាមេរិក ជាង១៧០ លាននាក់ មួយនេះ បានគាំង មិនអាច់ប្រើប្រាស់បាន រយៈពេលខ្លី កាលពីខែមុន នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលថ្ងៃផុតកំណត់ នៃការហាមឃាត់បានចូលមកដល់។ បន្ទាប់មក លោក Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលផ្តល់ឱ្យ TikTok ពន្យាពេល ៧៥ថ្ងៃ លើការអនុវត្តតាមច្បាប់ហាមឃាត់។

ទោះបីជា TikTok បន្តសេវាកម្ម បន្ទាប់ពីការធានារបស់ Trump ក៏ដោយ Google និង Apple នៅតែមិនអនុញ្ញាត ឲ្យទាញកម្មវិធី TikTok មកប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែ ពេលនេះ អាចទាញមកប្រើប្រាស់ធម្មតាឡើងវិញបាន បន្ទាប់ពីមានការណែនាំថ្មី របស់លោក Trump ដែលបាននិយាយថា ក្រុមហ៊ុននឹងមិនប្រឈមនឹងការពិន័យ សម្រាប់ការរក្សាកម្មវិធី TikTok ឱ្យដំណើរការនោះទេ។

TikTok មានការទាញយកច្រើនជាង ៥២លានដង ក្នុងឆ្នាំ២០២៤ ក្នុងនោះ ប្រហែល ៥២% ទាញពី App Store របស់ Apple ខណៈដែល ៤៨% បានមកពី Google Play នេះបើយោងតាមក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner