លោកជំទាវ ឡងឌី សាន់ណារ៉ា ៖ រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ បំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ បំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរ ជាមួយនឹងការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋខ្មែរ យុវជនជំនាន់ក្រោយ ឲ្យបានដឹងពីទម្រង់សម្លៀកបំពាក់របស់ខ្មែរដែលមានតាំងពីសម័យដើម ។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា នៅក្នុងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ ដែលសង្កត់ធ្ងន់ទៅលើសម្លៀកបំពាក់អាពាហ៍ពិពាហ៍នេះ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅនូវទម្រង់ដើមនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ និងបានរៀបចំជាឯកសារទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។ មិនតែប៉ុណ្ណោះគោលបំណងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី ជាយុវជនខ្មែរ គឺត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានជំរុញ និងគាំទ្រដល់ការរៀបចំព្រឹត្ដិការណ៍ រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២នេះឡើង ដែលជានិច្ចជាកាលក្រុមហ៊ុនខ្មែរមួយនេះ គឺតែងតែចូលរួមជួយសង្គមជាតិតាមគ្រប់រូបភាព ។

សូមជម្រាបថា កម្មវិធី រាត្រីសមោសរសំពត់ខ្មែរ លើកទី ២ ត្រៀមរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលជាព្រឹត្ដិការណ៍ដ៏មានអត្ថន័យ និងឆ្លុះបញ្ចាំងពីតម្លៃសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរដ៏ថ្លៃថ្នូរ និងចំណាស់ជាងគេនៅលើទឹកដីសុវណ្ណាភូមិ ដោយអមជាមួយនឹងពិព័រណ៌សិប្បកម្មខ្មែរ និងកម្មវិធីសម្ដែងពីសិល្បករខ្មែរជាច្រើនទៀត ៕
ដោយ / គ្រី សម្បត្តិ



