យន្តហោះរដ្ឋមន្ត្រីការបរទេសអាមេរិក ត្រលប់ក្រោយវិញ
បរទេស៖ បញ្ហាម៉ាស៊ីនបានបណ្តាលឲ្យយន្តហោះ ដឹករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ហោះត្រឡប់ក្រោយមកវិញ ជាបន្ទាន់ កាលពីថ្ងៃសុក្រ។
លោក ត្រូវទៅចូលរួមកិច្ចប្រជុំសន្តិសុខ នៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែ ម៉ាស៊ីនយន្តហោះជួបបញ្ហាមេកានិក នៅលើអាកាស ជាហេតុនាំឲ្យយន្តហោះ ត្រូវបង្ខំចិត្ត ឲ្យត្រលប់ក្រោយ ទៅកាន់មូលដ្ឋានទ័ពអាកាស Andrews នៅខាងក្រៅ ទីក្រុង វ៉ាស៊ីនតោន។
អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយថា «យន្តហោះ ដឹកលោករដ្ឋមន្ត្រី Rubio បានជួបបញ្ហាមេកានិច។ លោកស្រី Bruce បាននិយាយថា ក្រោយមក យន្តហោះធុនតូច ទីពីរ បានដឹកលោក Rubio ហោះចេញ ហើយឆ្ពោះទៅកាន់អឺរ៉ុប ប៉ុន្តែ ពុំមានព័ត៌មានលម្អិតបន្ថែមជាងនេះទេ។
គួរបញ្ជាក់ថា បន្ទាប់ពីមានវត្តមាននៅប្រទេសអាល្លឺម៉ង់ ដែលផ្តោតលើបញ្ហានៅអ៊ុយក្រែន លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបន្តដំណើរ ទៅប្រទេសអ៊ីស្រាអែល អារ៉ាប៊ី សាអូឌីត និងអេមីរ៉ាត់ អារ៉ាប់រួម ដើម្បីពិភាក្សាអំពីបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដ៏ផុយស្រួយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត