ដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ នៅតំបន់កោះនរា។

ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ទូទាំង ៤៧ប្រទេស, យុទ្ធនាការផ្សព្វផ្សាយ ទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៥ ដែលផ្តោតលើការផ្សព្វផ្សាយពីសុខភាពសុវត្តិភាព ការទំនាក់ទំនងផ្លូវភេទ និងចៀសឆ្ងាយពីការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយនឹងទិវាស្រោមអនាម័យអន្តរជាតិ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាតំណាងឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវឱ្យមានការចូលរួមជាបន្តបន្ទាប់ទៀតពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគអេសដស៍ ហើយយើងត្រូវទទួលស្គាល់ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ ប៉ុន្តែយើងប្រឹងប្រែងធ្វើយ៉ាងណាដាក់ឱ្យបាននៅក្រោមការគ្រប់គ្រងរបស់យើង ហើយយើងត្រូវប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍ ដោយការលើកកម្ពស់ គោលនយោបាយរួមគ្នា។

លោក អ៊ុង គឹមហ៊ាង ប្រធានកម្មវិធីបង្ការប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ បានបញ្ជាក់ថា នៅទូទាំងអាស៊ី វប្បធម៌នៃការរើសអើង និងកង្វះការអប់រំ បន្តរារាំងដល់មនុស្សរាប់លាននាក់ ពីការទទួលបាន ស្រោមអនាម័យ ដូច្នេះទិវាស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថា យើងត្រូវដោះស្រាយឧបសគ្គទាំងនេះ ជាមួយនឹងការអប់រំយ៉ាងទូលំទូលាយ និងធានាថាស្រោមអនាម័យត្រូវបានចាត់ទុកជា ធនធានសុខភាព សាធារណៈដ៏សំខាន់ មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការមនុស្សគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

លោក អ៊ុង គឹមហ៊ាង បានបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តការងារជាដៃគូយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែក រួមទាំងអង្គការដៃគូនានា។

បច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បាននិងកំពុងអនុវត្តការងារសកម្មភាពក្នុងការចូលរួមចំណែកយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល ដោយបច្ចុប្បន្នអង្គការ បាននឹងកំពុងផ្តល់ការគាំទ្រ សកម្មភាពដល់គ្លីនិកផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ៤២កន្លែង និងធ្វើតេស្តរកមេរោគអេដស៍ ២៧កន្លែងទូទាំង១៩ ខេត្តក្រុងនៅកម្ពុជា ៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner