ត្រាំថា អាមេរិកនឹងបង្កើនការលក់អាវុធឱ្យឥណ្ឌា

MC. បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបង្កើនការលក់អាវុធ ឲ្យទៅប្រទេសឥណ្ឌា ក្នុងនោះ មានទាំងការលក់យន្តហោះចម្បាំង ទំនើប F-35 ផងដែរ។

ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នៅសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងលក់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសឥណ្ឌា ដែលនឹងចូលរួមជាមួយក្លឹប «អភិជន នៃប្រទេសដែលមានយន្តហោះបំបាំងកាយទំនើប ទាន់សម័យ។»

លោក ដូណាល់ ត្រាំ បានប្រាប់ថា «ចាប់ពីឆ្នាំនេះតទៅ យើងនឹងបង្កើនការលក់យោធាទៅឱ្យប្រទេសឥណ្ឌា ជាច្រើនពាន់លានដុល្លារ។ យើងក៏កំពុងត្រួសត្រាយផ្លូវដើម្បីផ្តល់ឱ្យឥណ្ឌា នូវយន្តហោះចម្បាំងបំបាំងកាយ F-35 ទៀតផង»។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាននិយាយថា លោកចង់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ។ លោក Modi បាននិយាយថា «ដើម្បីធានាបាននូវសន្តិសុខថាមពល របស់ប្រទេសឥណ្ឌា យើងនឹងផ្តោតលើពាណិជ្ជកម្ម ប្រេង និងឧស្ម័ន។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក៏នឹងកើនឡើងផងដែរ នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner