Zelensky ប្តូរចិត្តមិនដោះដូររ៉ែ ជាមួយ Trump

បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky បានច្រានចោលកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ស្តីពីរ៉ែ ដែលដឹកនាំដោយ លោក Donald Trump ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកបានរារាំងកិច្ចព្រមព្រៀង ដែលប៉នប៉ុងផ្តល់ឱ្យសហរដ្ឋអាមេរិក នូវលទ្ធភាពទទួលបានធនធានធម្មជាតិអ៊ុយក្រែន ដ៏ច្រើន។ លោកថា មិនព្រមឯកភាព ព្រោះមានកង្វះខាត ការធានាសុវត្ថិភាព សម្រាប់ទីក្រុង គៀវ និង មិនការពារប្រជាជនអ៊ុយក្រែន។

«ខ្ញុំមិនបានអនុញ្ញាតឱ្យរដ្ឋមន្ត្រី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះទេ ព្រោះមិនទាន់រួចរាល់។ តាមគំនិតរបស់ខ្ញុំ ការណ៍នេះ មិនការពារយើងទេ…មិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីការពារយើង ដែលជាផលប្រយោជន៍របស់យើង» នេះគឺជាអ្វីដែល លោក Zelensky បាននិយាយ ក្នុងអំឡុងសន្និសីទខ្លី ជាមួយអ្នកយកព័ត៌មាន នៅប្រទេសអាល្លឺម៉ង់។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ គួរតែត្រូវបាន «ភ្ជាប់ជាមួយនឹងការធានាសុវត្ថិភាព» ហើយថា «ខ្ញុំមិនឃើញ ពីការតភ្ជាប់នេះ នៅក្នុងឯកសារ នៅឡើយទេ។ គួរតែច្បាស់លាស់ ព្រោះជាចំណុចសំខាន់»។

ការប្រកាសរបស់ Zelensky បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបានផ្តល់ឱ្យសហរដ្ឋអាមេរិក នូវសេចក្តីព្រាងនៃកិច្ចព្រមព្រៀងមួយ។ លោក Trump ដែលជាមេដឹកនាំផង និងជាអ្នកជំនួញផង បានជំរុញឱ្យមានលទ្ធភាព ចូលទៅកាន់រ៉ែកម្រ នៅក្នុងអ៊ុយក្រែន ជាថ្នូរនឹងជំនួយ ទប់ទល់នឹងរុស្ស៊ី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner