អ្នកកាទូតអាមេរិកផ្តើមទៅចរចា យកGaza
បរទេស ៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក លោក Marco Rubio បានទៅប្រទេសអ៊ីស្រាអែល ក្នុងដំណើរជើងដំបូង នៃទស្សនកិច្ច នៅមជ្ឈិមបូព៌ា ក្នុងនាមជារដ្ឋមន្ត្រី ក្រោមរដ្ឋបាល លោក Trump ។ គេដឹងថា ប្រធានបទសំខាន់ គឺការចង់គ្រប់គ្រង តំបន់ហ្គាហ្សា។
លោក Marco Rubio បានទៅដល់ព្រលានយន្តហោះ Ben Gurion ស្ថិតក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍។ លោក Rubio នឹងជួបពិភាក្សា ជាមួយមន្ត្រីអ៊ីស្រាអែល នៅថ្ងៃអាទិត្យ ដោយគ្រោងលើកឡើង ពីសំណើដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី Donald Trump ក្នុងការគ្រប់គ្រងតំបន់ Gaza ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារ សង្រ្គាមជាង១៥ខែ រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។
លោក Trump បានបង្ហោះ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ថា «ឥឡូវនេះ អ៊ីស្រាអែល នឹងត្រូវសម្រេចចិត្តថា ពួកគេនឹងធ្វើអ្វី»។ លោកបានបន្ថែមថា «សហរដ្ឋអាមេរិកនឹងគាំទ្រការសម្រេចចិត្ត ដែលពួកគេធ្វើ»។
បន្ទាប់ពីអ៊ីស្រាអែល លោករដ្ឋមន្ត្រីការបរទេស Rubio គ្រោងនឹងហោះ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត និង ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត