ឯកឧត្ដម សែម រតនា ៖ ដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗជាច្រើន
(សៀមរាប)៖ឯកឧត្ដម សែម រតនា បានលើកឡើងថា ជាមួយនឹងដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” បានធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗជាច្រើន។ ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ ដែលទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា ការពង្រីកវិសាលភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខសុវត្ថិភាពនិងយុត្តិធម៌សង្គម។
ប្រសាសន៍ ឯកឧត្ដម សែម រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី បានលើកឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមសរុប ១៥០រូប នៅទីស្នាក់ការគណបក្សស្រុកសបន្ទាយស្រី ខេត្តសៀមរាប។
ឯកឧត្ដម សែម រតនា បានអានខ្លឹមសារទាំងស្រុង នៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធកាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការបម្រើជាតិ និងមាតុភូមិ ដែលជំរុញឱ្យប្រទេសជាតិមានសន្ទុះក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ក្នុងខ្លឹមសារនៃសន្និបាតនោះដែរ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
តាមរបាយការណ៍របស់ លោក រិន ឡូត ប្រធានគណៈកម្មាធិការគណបក្សស្រុកបន្ទាយស្រី បង្ហាញថា ក្រុមមការងារគណបក្សគ្រប់ថ្នាក់ តែងតែយកចិត្តទុកដាក់ ក្នុងការចុះមូលដ្ឋាន ភូមិ ឃុំ ដើម្បីផ្សព្វផ្សាយនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា ព្រមទាំងបានចុះជួបសំណេះសំណាល សួរសុខទុក្ខ ដោយផ្ទាល់ ជាមួយ សមាជិក សមាជិកាបក្ស ក៏ដូចជាប្រជាពលរដ្ឋនៅតាមខ្នងផ្ទះជាប្រចាំ រួមមាន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងមានជម្ងឺប្រចាំកាយ ស្ត្រីឆ្លងទន្លេ និងជួបគ្រោះថ្នាក់ដោយគ្រោះធម្មជាតិផ្សេងៗ។ ជាពិសេស ស្រុកបន្ទាយស្រី ក៏ទទួលបាន នូវការតម្លើងបង្គោល និងបំពាក់អំពូលសូឡាពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី និងសប្បុរសជនមួយចំនួន ដែលនេះជាសកម្មភាពជាក់ស្តែង នៃការអនុវត្តន៍តាមគោលការណ៍ សេចក្តីណែនាំ អំពីសកម្មភាពចុះជួយ និងពង្រឹងមូលដ្ឋានស្រុកបន្ទាយស្រីក្រោមការដឹកនាំ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី សំណាក់ ឯកឧត្តមប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកបន្ទាយស្រីគ្រប់ជាន់ថ្នាក់៕
ដោយ ៖ ង៉ាន់ ទិត្យ







