គណៈកម្មការ “ភូមិមួយ ផលិតផលមួយ ខេត្តកំពង់ធំ” សម្លឹងទៅរកការបង្កើតទីផ្សារក្នុងស្រុក
កំពង់ធំ៖ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំបានដាក់ចេញនូវគោលការណ៍ចំនួន៨ ក្នុងនោះមានការបង្កើតផ្សារកសិករ ផ្សារចុងសប្តាហ៍ ផ្សាររាត្រី បណ្ដុំអ្នកផលិត សួនកសិឧស្សាហកម្ម កសិទេសចរណ៍ជាដើម ។គោលការណ៍នេះបានបញ្ចេញឱ្យដឹងក្នុងសិក្ខាសាលាស្តីពីដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្មនាចុងសប្ដាហ៍នេះ។

ក្រោមការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ សិក្ខាសាលាស្តីពីដំណោះស្រាយហិរញ្ញវត្ថុ ក្នុងវិស័យកសិកម្ម សិប្បកម្ម និងពាណិជ្ជកម្មបានប្រារព្ធនៅសាលប្រជុំសាលាខេត្ត ។

សិក្ខាសាលាមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងជាក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ សមាជិកភូមិ១ ផលិតផល១ខេត្តកំពង់ធំ អ្នកកែច្នៃថ្មី អ្នកពាក់ព័ន្ធដំឡូងមី រោងម៉ាស៊ីនកិនស្រូវ ប្រធានសហគមន៍កសិកម្ម និងសិប្បករជាង១០០នាក់។
ក្នុងសិក្ខាសាលាក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំបានបង្ហាញឱ្យដឹង នូវការដាក់គោលការណ៍ចំនួន៨មាន៖១.បង្កើតផ្សារកសិករ ផ្សារចុងសប្តាហ៍ ផ្សាររាត្រី បណ្ដុំអ្នកផលិត សួនកសិឧស្សាហកម្ម កសិទេសចរណ៍។ ២.ដើម្បីបង្កើតទី១ បានត្រូវមាន ផលិតផលសក្ដានុពល វត្ថុធាតុដើម អភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍ផលិតផល។ ៣.ដើម្បីបានទី២ ត្រូវមានថវិកា ត្រូវជួបស្ថាប័នហិរញ្ញវត្ថុ ដើម្បីដោះស្រាយ ពង្រីកអាជីវកម្ម។ ៤.បានថវិកា ត្រូវខ្ចីគេ ត្រូវចូលហ៊ុនគ្នា ឬត្រូវសុំគេ។ ៥.បើខ្ចីគេ ឬចូលហ៊ុន ត្រូវសងវិញ។ ៦.ដើម្បីសងគេវិញបាន ត្រូវរកប្រាក់ចំណេញ ដោយផលិតច្រើន ចំណាយតិច បើលក់អត់ដាច់ត្រូវចេះកែច្នៃ វេចខ្ចប់ រកទីផ្សារ។ ៧.ដើម្បីរកទីផ្សារ សេវាកម្មល្អ ផលិតផលមាន សោភ័ណភាព សុវត្ថិភាព និរន្តរភាព សក្ដានុពល តម្លៃសមរម្យ។ ៨.ដើម្បីទទួលបានទី៦ និងទី៧ ត្រួវរួមគ្នាជា សហគមន៍ សហគ្រាស ក្រុមហ៊ុន បណ្ដុំផលិត អភិវឌ្ឍធនធានមនុស្សតាមជំនាញ ដែលមានស្រាប់នៅនឹងកន្លែង។
ឆ្លើយតបនឹងគោលការណ៍ដែលបានដាក់ចេញខាងលើ ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១បានលើកឡើងថា សិក្ខាសាលាស្តីពីដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម និងសិប្បកម្មដោយ បានអញ្ជើញសាខាធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួន មកធ្វើបទបង្ហាញ និងជជែកជាក្រុមដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងនោះ ដែលផ្តោតលើហិរញ្ញប្បទាន (Loan) ឬ លទ្ធភាពទទួលបានហិរញ្ញវត្ថុ (Access to Finance)មាន៖១. ឥណទានមានរយៈពេលកំណត់( Term Loan (TL)), ២. ឥណទានវិបារូបន៍ (Overdraft (OD)), ៣. ការផ្តល់ប្រាក់កម្ចីឡើងវិញ (Loan Refinance)និង ៤. ការប្តូរលក្ខខណ្ឌឥណទាន( Restructuring Loan) ។
ខេត្តកំពង់ធំអំណោយផលសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ស្ថានភាពនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនមានមុខរបរចម្បងក្នុងវិស័យកសិកម្ម។ តាមការបញ្ជាក់របស់លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តបានឱ្យដឹងថាសហគ្រាស ឧស្សាហកម្ម និងសិប្បកម្មសរុប ៣.១១៨ មូលដ្ឋានកំពុងដំណើរការមានដើមទុនសរុប១២៥.៣៥១.៤៥១ ដុល្លារអាមេរិក និងប្រើកម្លាំងពលកម្មសរុប១១.៣០០នាក់ (ស្រី ៤.៦២២នាក់)។ ខេត្តមានទីតាំងលក់ទំនិញ និងសេវាកម្មសរុប ៩.៥០៧ ទីតាំង ដែលភាគច្រើនជាលក្ខណៈគ្រួសារ៕
ដោយ៖ប៊ុនរដ្ឋា
