រៀបចំអាហារដ្ឋានសម្រាប់ផ្តល់ចំណីដល់សត្វត្មាតចំនួន ៤កន្លែងនៅដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ) ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ៖ ចាប់តាំងពីឆ្នាំ២០២៤មកគេបានរៀបចំអាហារដ្ឋានសត្វត្មាតចំនួន ៤នៅដែនជម្រកសត្វព្រៃលំផាត់ ។

នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ។

អង្គការមួយនេះបានឱ្យដឹងថាចាប់តាំងពីខែមេសា ឆ្នាំ២០២៤ មក អង្គការជីវិតធម្មជាតិនៅកម្ពុជា និងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃលំផាត់ ដោយមានការគាំទ្រហិរញ្ញវត្ថុពី Mandia Nature និង BirdLife International – Asia បានរៀបចំអាហារដ្ឋានត្មាតចល័តប្រចាំខែ ដើម្បីតាមដានវត្តមានសត្វត្មាតភ្លើងនៅក្នុងតំបន់ទេសភាពនៃដែនជម្រកសត្វព្រៃលំផាត់ ។

ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា ៖ ទីតាំងសក្តានុពលចំនួនបួននៃតំបន់ទេសភាពនេះត្រូវបានជ្រើសរើសសម្រាប់រៀបចំជាទីតាំងសំរាប់ផ្តល់ចំណីនេះ។ រហូតមកដល់ពេលនេះ សត្វត្មាតភ្លើងត្រូវបានកត់ត្រានៅទីតាំងអាហារដ្ឋានត្មាតចំនួនពីរក្នុងចំណោមទាំងបួន ដែលនេះជាកត្តាលើកទឹកចិត្តសម្រាប់ការអភិរក្សប្រភេទសត្វដែលជិតផុតពូជបំផុតនេះ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា៖អាហារដ្ឋានសត្វត្មាតចល័តពីរចុងក្រោយនឹងត្រូវគេរៀបចំឡើងនៅខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៥ ខាងមុខ ។

គួរបញ្ជាក់ថា ៖ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និង ការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស ។

សត្វត្មាត ត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) គឺជាប្រភេទជិតផុតពូជបំផុត ដែលនេះបង្ហាញថា ពួកវាកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner