នាយករដ្ឋមន្ត្រី ផ្ដល់ថវិកា ៦០លានដុល្លារអាមេរិកសម្រាប់ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ ជូនពលរដ្ឋ ៥ខេត្ត

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាចំនួន ៦០លាន​ដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ សម្រាប់ធ្វើ​ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ។ នេះជាការគូស​បញ្ជាក់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សម្ដេចបវរធិបតី បានលើកឡើងតាមរយៈបណ្ដាញ​សង្គម​ដូច្នេះថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការ​មួយ​ដែល​រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើន​អាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបាន​កសាង​បណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាម​បណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស ។

ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗ​ជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។

ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន ÷

១/ រដ្ឋករទឹកកំពត ខេត្តកំពត
២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង
៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី
៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់

យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញ​ទឹក​ស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅ​ថ្ងៃ​អនាគត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner