នាយករដ្ឋមន្ត្រី៖ ទិន្នផលត្រីឆ្នាំនេះ ធានាបាននូវបរិមាណ និងតម្លៃសម្រាប់ពលរដ្ឋទិញហូប

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទិន្នផលត្រីឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាន​នូវបរិមា​ណ​ត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប ។

យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការ​កើន​ឡើង​នៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរ​បស់​ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ច​មូល​ដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកង​យោធពល​ខេមរភូ​មិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផល​ដែល​បង្ក​ដោ​យ​សកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។

សម្ដេចបវរធិបតី បានបន្តថា លទ្ធផលនេះ ទទួលបានការ​សាទរ​យ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅ​បទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឱ្យប៉ះពាល់​ដល់​ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។

សម្ដេចនាយករដ្ឋមន្ត្រី សូមអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់​ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បី​ផលប្រយោជ​ន៍​សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុង​ការ​គ្រប់​គ្រងធនធានត្រីនៅកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner