មន្ទីរអប់រំភ្នំពេញវាយតម្លៃខ្ពស់ចំពោះការប្រកួតកីឡាសិស្សបឋមសិក្សា ឆ្នាំ២០២៥
(ភ្នំពេញ)៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមគ្នារបស់ប្រធានសមាគម-ក្លឹបកីឡា គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងឯកជននៃរដ្ឋបាលខណ្ឌទាំង១៤ ជំរុញឱ្យការប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញឱ្យទទួលបានលទ្ធផលល្អប្រសើ។
ក្នុងឱកាសបិទការប្រកួតព្រឹត្តិការណ៍សិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥នេះ លោក អ៊ុក ចន្ថា គូសបញ្ជាក់ថា លទ្ធផលទទួលបានពីការប្រកួតនេះមានភាពល្អប្រសើរ ទាំងវិន័យ បច្ចេកទេស ដែលសបញ្ជាក់អំពីការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត សម្ភារ ថវិការបស់ថ្នាក់ដឹកនាំក្លឹប គ្រឹះស្ថានបឋមសិក្សាទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការដឹកនាំក្រុមរបស់ខ្លួនចូលរួមប្រកួត ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡាសិស្សបឋមសិក្សាឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ភាពជោគជ័យនៃព្រឹត្តិការណ៍រយៈពេល ៧ថ្ងៃនេះ ក៏ឆ្លុះបញ្ចាំងអំពីការខិតខំដឹកនាំប្រកួតបានល្អរបស់គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ដោយគោរពទៅតាមច្បាប់នៃការប្រកួតបានត្រឹមត្រូវ។ បន្ថែមពីលើនេះ អនុប្រធានមន្ទីរអប់រំក៏បានកោតសរសើរចំពោះ ប្រតិភូ កីឡាករ កីឡាការិនីវ័យក្មេងទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវវិន័យ សណ្តាប់ធ្នាប់ គោរពគ្នាទៅវិញទៅមក និងបទបញ្ជាការប្រកួតដែលសហព័ន្ធកីឡាជាតិបានកំណត់។
បន្ថែមពីលើនេះ លោក អ៊ុក ចន្ថា ក៏បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ដែលដណ្តើមបានជ័យលាភីលើប្រភេទកីឡាទាំង៥នេះ ត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលគ្រោងធ្វើឡើងពីថ្ងៃទី០២-១១ ខែឧសភា ខាងមុខ នៅរាជធានីភ្នំពេញឱ្យទទួលបានលទ្ធផលល្អ។ ចំពោះកីឡាករ កីឡាការិនីមិនដណ្តើមបានជ័យលាភី ក៏ត្រូវដុសខាត់សមត្ថភាពឱ្យកាន់តែរីកចម្រើនផងដែរ ដើម្បីត្រៀមការប្រកួតនានា នាពេលខាងមុខបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៥ មានប្រភេទកីឡាចំនួន ៥ រួមមាន៖ បាល់បោះ, បាល់ទះ, បាល់ទាត់, អត្តពលកម្ម និងវាយកូនឃ្លីលើតុ ដែលដំណើរការពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៩៦០នាក់ នារី ២២៣នាក់៕
ដោយ ៖ ជាវ ចន្ធូ





