បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី តម្លៃ៤០ម៉ឺនដុល្លារ នៅវត្តគិរីអណ្តែត ស្រុកតាំងគោក
កំពង់ធំ៖ ព្រះវិហាថ្មី នៃវត្តគិរីវណ្ណារាម ហៅ វត្តគិរីអណ្តែត ស្ថិតនៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ព្រះវិហារថ្មីជំនួសព្រះវិហារចាស់ដែលមានសភាពទ្រុទ្រោម មានទំហំ២៤ម៉ែត្រគុណ២៣ម៉ែត្រ ,កម្ពស់១៨ម៉ែត្រ ដែលបានកសាងឡើងវិញចាប់ពីឆ្នាំ២០១៤ និងចំណាយថវិកាកសាងចំនួន៤០ម៉ឺនដុល្លារ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីនេះ។ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានរំលឹកពីអតីតកាលក្នុងសម័យសង្រ្គាម និងក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានខ្ទេចខ្ទាំដល់ចំណុចសូន្យ ។ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ មកដល់បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនានៅកម្ពុជាបានរស់ឡើងវិញ និងអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ក្រោមម្លប់នៃសុខសន្តិភាព ។
សូមជម្រាបថា ព្រះវិហារវត្តគិរីអណ្តែត ដឹកនាំកសាងឡើងដោយព្រះតេជគុណ ហេង សុភ័ក្រ ៕ ដោយ៖ប៊ុនរដ្ឋា




