កីឡាការិនី ហ៊ាន់ សុធារ៉ា គ្រងជើងឯកការប្រកួត Rasson Cambodia Women’s Billiards Championship 2025
(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈ ២ថ្ងៃនៃការប្រកួត Rasson Cam bodia Women’s Billiards Championship 2025 ដែលរៀបចំដោយក្លឹបប៊ីយ៉ា Lux98 ចាប់ពីទី១៥ដល់១៦ ខែ កុម្ភៈ ឆ្នាំ២០២៥ កីឡាការិនី ហ៊ាន់ សុធារ៉ា បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះកីឡាការិនី ខុន សំណាង នៅវគ្គផ្តាច់ព្រ័ត្រ។
កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ា Lux98 បានថ្លែងបញ្ជាក់ថា ការប្រកួតប៊ីយ៉ា Rasson Cambodia Women’s Billiards Championship 2025នេះ មានកីឡាការិនីចូលរួមសរុប ១៦នាក់ ដែលមានរយៈពេល២ថ្ងៃ ដោយមានប្រាក់រង្វាន់សម្រាប់ជ័យលាភីពីលេខ១ទៅដល់លេខ៣ ស រុបចំនួន ៥០០០ដុល្លារអាមេរិក។
កញ្ញា បានរំលេចទៀតថា សម្រាប់ការប្រកួតកីឡាប៊ីយ៉ានារីនេះ ក្លឹបប៊ីយ៉ា Lux98ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ច្បារអំពៅ បានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលដៅពង្រឹងសមត្ថភាពកីឡាការិនីប៊ីយ៉ាកម្ពុជា និងជាការបំផុសលើកទឹកដល់កីឡាការិនីដែលចូលចិត្តវិស័យកីឡាប៊ីយ៉ា ។ ជាពិសេស ក៏ជាផ្តល់ឱកាសជូនកីឡាការិនីប៊ីយ៉ាបានបង្ហាញទេពកោសលចំពោះវិស័យកីឡាដែលខ្លួនស្រលាញ់ និងអាចវិវឌ្ឍខ្លួនទៅជាកីឡាការិនីអាជីពនាពេលអនាគត ដែលនឹងអាចទទួលបានឱកាសទៅលេងតំណាងជាតិប្រកួតលើឆាកអន្តរជាតិ។
ដោយឡែក កីឡាការិនីប៊ីយ៉ា ខុន សំណាង ម្ចាស់ជើងឯករង បានថ្លែងលើកឡើងថា មូលហេតុដែលរូបគេចូលរួមប្រកួតប្រជែងក្នុងការប្រកួតនេះ ដោយសារតែខ្លួនចង់បង្ហាញថា កីឡាមួយប្រភេទនេះនារីក៏អាចលេងបានដូចបុរស ហើយម្យ៉ាងទៀត ក៏ចង់ចូលរួមក្នុងការអភិវឌ្ឍវិស័យកីឡាប៊ីយ៉ានៅកម្ពុជាឱ្យកាន់តែរីកចំរើន ខណៈកីឡាការិនីក៏អាចអភិវឌ្ឍសមត្ថភាពក្លាយជាអ្នកខ្លាំងបានដែរ។
សូមបញ្ជាក់ថា ការប្រកួតសម្រាប់នារីដែលក្លឹបប៊ីយ៉ា Lux98 រៀបចំនេះ ជាលើកទី២ហើយ ខណៈគោលដៅក្លឹបគឺចង់ផលិតបាននូវធនធានកីឡាការិនីឆ្នើមៗសម្រាប់កម្ពុជាត្រៀមសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិតំណាងព្រះរាជាណាចក្រកម្ពុជា៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ













