ក្រសួងបរិស្ថាន ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ជួបគ្នារក​ដំណោះស្រាយជំរុញការអភិរក្សសត្វត្មាតពីការផុតពូជ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ជួបគ្នារកដំណោះស្រាយជំរុញការអភិរក្សសត្វត្មាត ខណៈ​សត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទ​សត្វជិត​ផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការ​សហភាពអន្ដរជាតិ​ដើម្បីការអភិរក្សធម្មជាតិ(IUCN) គ្រាដែលពួកវាមានតួនាទីជា​អ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វមានតម្លៃសម្រាប់​វិស័យ​ទេសចរណ៍ធម្មជាតិ ។

នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ដែលធ្វើឡើង​ចាប់ពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការ​ចូលរួម​ពីក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមាន​វត្តមាន​សត្វត្មាតដូចជា កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ។ ជាមួយគ្នានេះ ក៏មានអ្នកជំនាញមក​ពីប្រទេសថៃ ដែលត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ ។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថា កិច្ចប្រជុំនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តដែលត្រូវការ ដើម្បីធានាបាននូវអនាគត​ដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជ ។ កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតនៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ឯកឧត្តម មានប្រសាសន៍ថា «អស់រយៈពេលជិតពីរទស្សវត្សមកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំងបីប្រភេទរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា យើងបានអនុវត្តកម្មវិធីជាច្រើននៅទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ តាមដានចំនួនប្រជាសាស្ត្រ និងធានាការរស់រានមានជីវិតរយៈពេលវែងរបស់ពួកវា។ ទោះជាយ៉ាងនេះក្តី សត្វត្មាតនៅក្នុងប្រទេសកម្ពុជា ដូចជាប្រទេសដទៃទៀតនៅតែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ដោយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត» ។

តាមការលើកឡើងរបស់អ្នកជំនាញអភិរក្ស បានលើកឡើងថា សត្វត្មាត រងការគំរាមកំហែងដូចជា៖ ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលការណ៍នេះ ធ្វើឱ្យចំនួនរបស់ពួកវាមានការថយចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ ប៉ុន្តែសត្វត្មាតទាំងនេះ ក៏ប្រឈមមុខនឹងការគំរាមកំហែងសំខាន់ៗជាច្រើនរួមមាន ការបាត់បង់ទីជម្រក ការពុល ថ្នាំពេទ្យសត្វ កង្វះអាហារ។

លោកបញ្ជាក់ថា «ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ យើងអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជាស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះចំនួនរបស់ពួកវាទាំងបីប្រភេទមានប្រហែល ១៣០ក្បាល ។

លោកស្រី Jemima Parry-Jones ប្រធានសមាគមនៃអង្គការមកពីប្រទេសចំនួនប្រាំមួយសម្រាប់ការសង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ (SAVE) បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។ ការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ។

យោងតាមឯកសារ បានបញ្ជាក់ថា សត្វត្មាត ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ដោយសារវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន។ ប៉ុន្តែ ពួកវាកំពុងមានគ្រោះថ្នាក់ដោយការប្រើ ប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។
បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រាជរដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner